ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ជាខ្សែរឿងជីវិតពិតរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឺទ្ធបណ្ឌិត ត្រូវបាន សម្ពោធ
ភ្នំពេញ៖ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ជាខ្សែរឿងជីវិត ពិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែល មាន រយៈពេល៣៣នាទី ត្រូវបានដាក់សម្ពោធជាផ្លូវការនា ល្ងាច ថ្ងៃទី៧ខែមករា ឆ្នាំ២០២៣ ដែលចំថ្ងៃខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា។
ភាពយន្តនេះបន្សល់ទុកជាភាពយន្តចម្រៀងប្រវត្តិសាស្រ្តសម្រាប់យុវជនជំនាន់ក្រោយ ដោយបង្ហាញពីវីរៈភាព តស៊ូ ភាពជូរចត់ ភាពវិនាស ព្រាត់ប្រាស់គ្រួសារ និងភាពអត់ធ្មត់របស់សម្ដេចតេជោ ហ៊ុន សែន និងភរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅក្នុងរបបយង់ឃ្នង ប៉ុល ពត ខណៈដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបានសម្រេចចាកចេញពីភរិយាដែលកំពុងតែមានផ្ទៃពោះកំណើតឯកឧត្តម ហ៊ុន ម៉ាណែត។
លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងជាផលិតករចម្រៀងភាពយន្តទុក្ខស្រីប្តីព្រាត់ បានឱ្យដឹងនាពិធី សម្ពោធនោះថា ចម្រៀងភាពយន្ត ទុក្ខស្រីប្តីព្រាត់នេះ បាន ចំណាយ ថវិកាអស់ជាង១៣ម៉ឺនដុល្លារ និងត្រូវបានផលិត យ៉ាង ម្រិតសម្រាំងអស់រយៈពេលប្រាំបួនខែ។
លោកបានថ្លែងថា ៖ «គ្រប់ឈុតឆាកទាំងអស់នៃភាពយន្ត ចម្រៀងនេះ ត្រូវបានផលិតករទទួលបានការណែនាំពី សម្តេច ទាំងទ្វេ ហើយការផលិតបទចម្រៀងនេះជួបប្រទះនូវផល លំបាក មួយចំនួនដូចជាការស្វែងរកទីតាំងប្រវត្តិសាស្រ្ត និងការស្វែងរក សព្វាវុធ ឯកសណ្ឋានយោធា និងសម្ភារៈប្រើប្រាស់ផ្ទាល់ ខ្លួន របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីឱ្យដូចសាច់ រឿងពិតជាក់ស្តែង»។
សម្រាប់សិល្បករ សិល្បការិនី ដែលជាតួអង្គសម្តែងវិញ ទាមទារ ឱ្យមានលក្ខណៈសម្បត្តិ ចរិយាសម្បត្តិ និងរូបសម្បត្តិ ឱ្យដូច ទៅនឹងតួអង្គសំខាន់ទាំងពីរផងដែរ។ជាងនេះទៅទៀត សិល្បការិនីជាច្រើន បានលះបង់ដោយការកាត់សក់ខ្លីដើម្បីតម្រូវ ទៅតាមសាច់រឿងពិតផងដែរ។
លោក ហេង ឡុង បានថ្លែងថា ៖ «តាមរយៈសមិទ្ធផលដ៏ ត្រចះ ត្រចង់ នេះ ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ក្រុមការងារ សិល្បករ សិល្បការិនីដែលមានការលះបង់ កម្លាំង កាយចិត្តតស៊ូ ជំនះគ្រប់ឧបសគ្គ និងកាលៈទេសៈ រហូតទទួល បានជោគជ័យ»។
នាឱកាសនោះ លោក ប៉ាន់ ខែមម៉ានូ ដែលជាតួអង្គសម្តែង ជា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកពិត ជាសប្បាយចិត្ត និងមានកិតិ្តយសដែលលោកនាយករដ្ឋមន្រ្តីបានផ្តល់នូវមហាកិត្តិយដ៏ធំធេងដោយលោកត្រូវបានជ្រើសរើសសម្តែងជាតួអង្គសម្ដេចតេជោ ហ៊ុន សែន។
លោកបានឱ្យដឹងថា ៖ «ខ្សែជីវិតពិតរបស់ សម្តេចតេជោ បានជួបនូវឧបសគ្គគ្រប់បែបយ៉ាងដោយរៀបរាប់មិនអស់ ដោយសម្ដេចបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ យក ជីវិតធ្វើជាដើមទុន និងត្រូវបាត់បង់កែវភ្នែកម្ខាងគឺ ដើម្បី បុព្វហេតុជាតិមាតុភូមិកម្ពុជា ទើបប្រទេសជាតិយើង មាន សុខសន្តិភាពមកដល់សព្វថ្ងៃនេះ»។
ចំណែក កញ្ញា ឈិន មុនីនាថ ដែលជាតួអង្គសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានលើកឡើងឱ្យដឹងដែរថា នាងមាន មោទនភាពក្រៃលែងដែលបានសម្តែងជាតួអង្គសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងបទចម្រៀងភាពយន្តទុក្ខស្រីប្តីព្រាត់នេះ។
កញ្ញាថា ៖ «នាងខ្ញុំបានដឹងពីប្រវត្តិស្នេហាពិតរបស់សម្តេចពុក សម្តេចម៉ែដែលមានប្រវត្តិផ្អែមល្អែម លាយឡំនឹងឈុតឆាក កម្សត់ ព្រាត់ប្រាស់ ដែលតម្រូវឱ្យខ្ញុំស្រក់ទឹកភ្នែកស្ទើរតែគ្រប់ឈុតឆាក។ វីរៈភាពរបស់សម្តេចម៉ែ ខ្ញុំសុំចាត់ទុកជាគំរូដល់ស្រ្តីគ្រប់រូបក៏ ដូច ជា នាងខ្ញុំផ្ទាល់ និងកូនខ្មែរជំនាន់ក្រោយផងដែរ»។
ក្នុងពិធីសម្ពោធភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» នេះដែរ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ បានលើកឡើងឱ្យដឹងដែរថា ភាពយន្តចម្រៀងនេះមិនមែន ត្រឹមតែជាចម្រៀងសម្រាប់កម្សាន្តតែប៉ុណ្ណោះទេ តែវាគឺជាជីវិត ពិត របស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជាប្រកបដោយគុណតម្លៃជាប្រវត្តិសាស្រ្តសម្រាប់កុលបុត្រខ្មែរគ្រប់ៗរូបសម្រាប់ដកស្រង់នូវបទពិសោធន៍ផងដែរ។
លោកជំទាវមានប្រសាសន៍ថា ៖ «ការសម្ពោធភាពយន្តចម្រៀង នេះ គឺចំថ្ងៃ៧ មករា ដែលជាថ្ងៃប្រវត្តិសាស្រ្ត និងជាខួបលើកទី៤៤ នៃទិវាជយជម្នះនៃរបបប្រល័យពូជសាស្រ្តប៉ុលពត និងបាន សង្រ្គោះជាតិ និងប្រជាជនកម្ពុជារួចផុតពីការកាប់សម្លាប់ ដ៏រង្គាល នៃរបបដ៏សាហាវឃោឃៅ និងជាសករាជដ៏ខ្មៅងងឹតនៃព្រះរាជា ណាចក្រកម្ពុជា»។
លោកជំទាវ ភឿង សកុរណា បានបញ្ជាក់ដែរថា វណ្ណកម្មភាពយន្ត ចម្រៀងដែលបានដាក់សម្ពោធនៅពេលនេះ មានតម្លៃរួមគ្នាមួយ ដែលបង្ហាញពីការតស៊ូ ជម្នះគ្រប់ឧបសគ្គ និងការតាំងចិត្តមុះមុត របស់ឧត្តមភរិយាមួយដែលរូបដែលកំពុងតែពរពោះបុត្រនៅក្នុងផ្ទៃ ដោយអត់ធ្មត់ រស់នៅដោយឯកឯង សម្រាលកូនដោយឯកឯង ហើយលាក់បាំងនូវព័ត៌មាននានាដែលស្វាមីកំពុងបំពេញបេសកកម្មដ៏គ្រោះថ្នាក់មួយក្នុងការរំដោះមាតុភូមិពីរបបប្រល័យពូជសាសន៍។
សូមបញ្ជាក់ផងដែរថា ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» នេះគឺ ជាភាពយន្តចម្រៀងទី២ បន្ទាប់ពីភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលបានសម្ពោធនាពេលកន្លងមក ដែលជាស្នាដៃនិពន្ធទំនុក ច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៕ ដោយ៖នាង សុគន្ធា