កម្ពុជា សម្រេចការនាំចេញដំឡូងមីក្រៀម ១,៨លានតោន ក្នុងរយៈពេល១១ខែឆ្នាំ២០២២
ភ្នំពេញ៖យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆកា ឆ្នាំ ២០២២ ការនាំចេញចំណិតដំឡូងមីក្រៀមមានចំនួន ១ ៨១៧ ១៦៨,៤៧តោន កើនឡើងជាង២៦ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នា ក្នុងឆ្នាំ២០២១។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ដំឡូងមីស្រស់មានចំនួននាំ ចេញបានចំនួន ១ ៣៣១ ៨៥០ តោន កើនឡើងជាង៥០ភាគរយ, ម៉្សៅដំឡូងមីមានចំនួន៥៧ ០៦៧ តោន កើនឡើងជាង៨៧ ភាគរយ និងកាកសំណល់ដំឡូងមីមានចំនួន ២៤ ១០០.៣៩ តោន កើនឡើងជាង១៩៤ភាគរយបើធៀបនឹងរយៈពេលដូច គ្នាកាលពីឆ្នាំ២០២១។
ផលិតផលដំឡូងមីភាគច្រើននាំចេញទៅកាន់ប្រទេសវៀតណាម ថៃ និងចិន ក្រៅពីនេះនាំចេញទៅកាន់ប្រទេសអ៊ីតាលី ប៊ែលហ្ស៊ិក សហរដ្ឋអាមេរិក និងណេដឺឡែន។ នេះបើតាមការបញ្ជាក់របស់ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អ្នកស្រី អេម សោភ័ណ្ឌ ម្ចាស់សៃឡូ ហ៊ីង សោភ័ណ្ឌ នៅខេត្ត បាត់ដំបង បានប្រាប់ឱ្យដឹងថា រដូវប្រមូលផលឆ្នាំមុន(ខែវិច្ឆកា ឆ្នាំ២០២១-ខែមេសា ឆ្នាំ២០២២) សៃឡូ របស់អ្នកស្រី ប្រមូល ទិញពីកសិករបានប្រហែលជាងម៉ឺនតោន ដោយសារតែមាន កសិករដាំដុះបានច្រើន ខណៈឈ្មួញក៏បានចុះកុងត្រា ទិញពីដេប៉ូ ច្រើនដែរ ព្រោះមានតម្រូវការពីខាងប្រទេសចិន។
លោកស្រីបានបន្ថែមថា ដោយឡែករដូវប្រមូលផលនៅឆ្នាំនេះវិញ (ខែវិច្ឆកា ឆ្នាំ២០២២-ខែមេសា ឆ្នាំ២០២៣) ការប្រមូលទិញ អាច នឹងបានតិចជាងរដូវមុន ដោយសារតែការចុះកុងត្រាទិញពី ខាង ថៃ មានចំនួនតិច។រីឯកសិករនៅក្នុងខេត្តបាត់ដំបងភាគច្រើន បាន ងាក ទៅដាំដំណាំពោតវិញ។
លោកស្រីបានបញ្ជាក់ដូច្នេះថា ៖«ខាងឈ្មួញថៃគេចុះកុងត្រាជា មួយ យើងតិចឆ្នាំនេះ ដោយសារមានបញ្ហាពីខាងចិន កាត់បន្ថយ ការបញ្ជាទិញដែរ ទើបថៃគេបន្ថយជាមួយយើងដែរ។ម្យ៉ាងវិញ ទៀត កសិករយើងគាត់ងាកទៅដាំពោតច្រើនជាងដំឡូងឆ្នាំនេះ ដោយសារពោតបានថ្លៃជាង»។
ចំពោះការនាំចេញដំឡូងមីទៅកាន់ប្រទេសចិននេះដែរ នា ព្រឹកថ្ងៃទី៦ ខែមករា នៅក្នុងពិធីបើកវេទិកាស្តីពី «ការជំរុញពាណិជ្ជ កម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តក្វាងស៊ី)» ឯកឧត្តម កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម កម្ពុជា បានមានប្រសាសន៍ថា ថ្មីៗកន្លងទៅនេះ កម្ពុជា-ចិន បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីការ ពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។
ការចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងរវាងអគ្គនាយក ដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរ ពាណិជ្ជកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ក្នុងគោលដៅជំរុញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារ ចិន ក្នុងនោះនឹងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជា ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២២-២០២៣នេះ។
ឯកឧត្តមបានបញ្ជាក់ថា ៖ «កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនលើកិច្ចការជាច្រើនទាក់ទងនឹង ពាណិជ្ជកម្ម មានដូចជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ចំនួន៩ទីតាំង នៅតាមទីក្រុងធំៗមួយចំនួន នៃប្រទេសចិន ដើម្បី ផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់ កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញទៅកាន់ប្រទេសចិន មានតម្លៃទឹកប្រាក់សរុប ១ ១០៩ លានដុល្លារអាមេរិក ថយចុះជាង១៩ភាគរយ បើធៀបនឹងរយៈ ពេល ដូចគ្នា បើធៀបនឹងឆ្នាំ២០២១៕
ដោយ៖វណ្ណ សុជាតា