កម្ពុជា នឹងរៀបចំបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ នាខែមីនា ខាងមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំបុណ្យទន្លេ លើក ទី៧ នៅខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅរយៈបីថ្ងៃចាប់ ពី ថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីផ្អាករយៈពេលពីរ ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយសារតែការគ្រប់គ្រងស្ថានការណ៍កូវីដ១៩បានល្អប្រសើរឡើងវិញ រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេជាលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនាខាងមុខ ហើយក៏អាច បន្តដល់ថ្ងៃទី១១និងទី១២ថែមទៀត ព្រោះចំថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ «ការរៀបចំបុណ្យទន្លេនៅ ខេត្តកំពង់ធំនេះដែរ គឺដោយសារមានស្ទឹងសែនហូរឆ្លង កាត់ ចុះទៅបឹងទន្លេសាប ពិសេសខេត្តកំពង់ធំនេះ គឺស្ថិតនៅពាក់ កណ្ដាលផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តកំពងចាម ឆ្លង កាត់ទៅខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលជា គោលដៅ ទេសចរណ៍សំខាន់ៗ»។

ឯកឧត្តមរដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍ផងដែរថា ត្រូវរៀបចំឱ្យមាន ការតាំងពិព័រណ៍ផលិតផលក្នុងស្រុកទាំងឡាយ ដែលបានពីការ ផលិតរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ចំពោះពិព័រណ៍ផលិតផល ក្នុងស្រុកនេះដែរ ឯកឧត្តមចង់ជំរុញឱ្យមានផលិតផលសិប្បកម្ម កសិកម្ម យកមកតាំងលក់ក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនបំផុត ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង។

ក្រៅពីនេះក៏ត្រូវបង្ហាញអំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយ «កម្ពុជាជា ព្រះរាជាណាចក្រវប្បធម៌ ព្រះរាជាណាចក្រទឹក»។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងបទបង្ហាញថា បុណ្យទន្លេ នៅខេត្តកំពង់ធំនេះគឺមានលក្ខណពិសសប្លែកពីបុណ្យទន្លេមុនៗ ត្រង់ថា ពិធីបុណ្យនេះចាប់ផ្ដើមពីថ្ងៃពុធ ទី៨ ខែមីនា ហើយកម្មវិធី កម្សាន្តអាចនៅបន្តរហូតដល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យទៀត (ថ្ងៃទី១១-១២) ដែលធ្វើឱ្យការលេងកម្សាន្តមានរយៈពេលយូរ ជាងបុណ្យមុនៗ។

លោកបានបញ្ជាក់ទៀតថា ៖ «លក្ខណៈពិសេសមួយទៀតនោះគឺ ខេត្តកំពង់ធំ ស្ថិតនៅពាក់កណ្ដាលផ្លូវរវាងរាជធានីភ្នំពេញ ខេត្ត កំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តព្រះវិហារ។ ដូច្នេះភ្ញៀវ ទេសចរនឹងអាចចូលលេងបុណ្យទន្លេ មុនបន្តទៅលេងខេត្ត សៀមរាប និងទៅគោលដៅទេសចរណ៍ផ្សេងទៀត»។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ក៏បានដឹកនាំកិច្ចប្រជុំ បន្ទាន់ ក្នុងការបែងចែក តួនាទី ភារកិច្ច ជូនដល់មន្ទីរអង្គភាព ជុំវិញ ខេត្ត ដើម្បីអនុវត្តការងារក្នុងការត្រៀមរៀបចំពិធីបុណ្យទន្លេ នា ពេលខាងមុខនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយ លោកបានប្ដេជ្ញាសហការរៀបចំពិធីបុណ្យទន្លេនេះឱ្យបានល្អ ដោយហេតុថា លោកក៏ធ្លាប់បទពិសោធន៍សហការរៀបចំពិធី បុណ្យទន្លេនៅខេត្តបាត់ដំបងម្ដងរួចហើយកាលពីឆ្នាំ២០២០ ។

បើតាមអភិបាលខេត្តកំពង់ធំ ពិធីបុណ្យទន្លេលើកទី៧នេះ នឹង រៀបចំនៅបរិវេណសួនស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ថែម ទាំង មានការរៀបចំទីតាំង ដើម្បីត្រៀមរៀបចំការត្រកួតកីឡាបាល់ទះ នៅលើឆ្នេរខ្សាច់ដងស្ទឹងសែន នៅក្នុងថ្ងៃពិធីបុណ្យទន្លេនេះ ផង ដែរ។
ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ មានរៀបចំព្រឹត្តិការណ៍ តាំងពិព័រណ៍ យកពីផលិតផលទាំងឡាយដែលបានដាំដុះ នៅតាម ដងទន្លេ និងផលិតផលកសិកម្មក្នុងស្រុក កសិទេសចរណ៍ និង ផលិត ផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូប អាហារ និងភេសជ្ជៈ ព្រមទាំងទស្សនាទស្សនីយ៍ភាពវប្បធម៌ ដូចជា ការប្រកួតកីឡា (កីឡាប្រដាល់ ប៊ូល រត់ប្រណាំង…) ពិធីដាំដើមឈើ (ជាសួនទេសចរណ៍) ការប្រគំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ កម្មវិធីសំណេះសំណាលជាមួយ សហគមន៍ផាត់សណ្តាយ និងសកម្មភាពផ្សេងៗទៀតជាច្រើន។

សូមជម្រាបថា ពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន៦លើក មក ហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ, ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង, ឆ្នាំ២០១៧ ធ្វើនៅខេត្តកំពង់ចាមនិង ខេត្តត្បូងឃ្មុំ, ឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល, ឆ្នាំ២០១៩ ធ្វើ នៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង។ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បាន ផ្អាក ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះអស់ពេលពីរឆ្នាំ គឺនៅ ឆ្នាំ២០២១ និងឆ្នាំ២០២២៕
ដោយ៖វណ្ណ សុជាតា

ads banner