បុរសជនជាតិបារាំងម្នាក់ធ្វើខ្លែងលក់ ដោយចង់លើកស្ទួយខ្លែង ខ្មែរទាំង ២៧ប្រភេទឱ្យមានវត្តមានឡើងវិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ខ្លែងគឺជាឧបករណ៍ម្យ៉ាងដែលគេប្រើប្រាស់ជាល្បែងលេង ជាពិសេសជាល្បែងរបស់ក្មេងប្រុសៗ នៅរៀងរាល់ខែធ្លាក់ខ្យល់ ឬនារដូវប្រជាពលរដ្ឋខ្មែរច្រូតកាត់ គេតែឃើញវត្តមានខ្លែង ហោះ ពេញ ផ្ទៃអាកាស ដោយមាន ក្មេងៗឈរកាន់ខ្សែ ឬរត់ដើម្បីឱ្យខ្លែង ហើរតាមកម្លាំងបោកបក់នៃខ្យល់។សម្រាប់ពេលបច្ចុប្បន្នគេ ហាក់ ដូចជាមិនសូវមានទំនោរបង្ហោះខ្លែងប៉ុន្មានទេ។

ការបង្ហោះខ្លែងបច្ចុប្បន្នច្រើនតែមាននៅតាមទីជនបទស្រុកស្រែ។ការណ៍ដែលមិនសូវជាមានអ្នកចាប់អារម្មណ៍នឹងការបង្ហោះខ្លែងនេះ ក៏បានញុំាងឱ្យខ្លែងមានតិចតួចនៅលើទីផ្សារ ឬនិយាយឱ្យស្រួល ស្ដាប់ថា មិនសូវមានអ្នកធ្វើ ខ្លែងនោះទេ។

បុរសជនជាតិបារាំងម្នាក់ ដែលមករស់នៅក្នុងប្រទេសកម្ពុជា ប្រមាណជិត២០ឆ្នាំហើយ។ លោកប្រាប់ថាលោកឈ្មោះយ៉ាន។ លោកគឺជាមនុស្សម្នាក់ដែលចូលចិត្តការបង្ហោះខ្លែងដែលមុនពេលមកកម្ពុជា លោកក៏ធ្លាប់បានលេងញឹកញាប់ដែរនៅឯប្រទេស កំណើត របស់លោកនាប្រទេសបារាំង។
ប៉ុន្តែលោកអះអាង ប្រាប់ថា នៅប្រទេសលោកខាងលិច គេមិន សូវជាផ្ដោតលើសោភ័ណភាព ឬរចនាបថរបស់ខ្លែងនោះទេ ពោល គឺគេផ្ដោតតែទៅលើការធ្វើឱ្យខ្លែងនោះហោះបានយូរ និងបាន ចម្ងាយ ឆ្ងាយតែប៉ុណ្ណោះ។

ក្នុងដំណើរមករស់នៅប្រទេសកម្ពុជាលោកបានមើលឃើញពីប្រវត្តិជាច្រើនរបស់ខ្លែង ដែលធ្វើឱ្យលោកកាន់តែមើលឃើញពីចំណុច ពិសេសនៃឧបករណ៍មួយនេះ។សម្រាប់លោកយ៉ាន ការបង្ហោះ ខ្លែង វាប្រៀបដូចជាការភ្ជាប់គ្នារវាងមេឃ និងដី ជាការបញ្ចេញ នូវ អារម្មណ៍របស់ខ្លួនឱ្យអណ្ដែតអណ្ដូងទៅតាមចង្វាក់ខ្យល់ដែលបក់នៅផ្ទៃខាងលើ។

ប៉ុន្តែជនជាតិបារាំងរូបនេះនិយាយភាសាខ្មែរយ៉ាងច្បាស់ បានជួប បញ្ហាក្នុងការស្វែងរកទិញខ្លែងខ្មែរ ។រីឯអ្នកធ្វើខ្លែងទៀតសោត ក៏បានបោះបង់ចោលនូវអាជីពនេះផងដែរ។

ដោយទឹកចិត្តស្រឡាញ់ និងចង់ចេះចង់ដឹង លោក យ៉ាន បាន ខិតខំស្វែងយល់តាមរយៈការអាន ការស្រាវជ្រាវលើប្រព័ន្ធ អ៊ីនធឺណិត ប៉ុន្តែលោកអះអាងថា មិនសូវជាមានឯកសារ សម្រាប់ ស្វែងយល់ពីខ្លែងច្រើននោះទេ។

ដោយចង់ចេះពីរបៀបធ្វើឱ្យស្ទាត់ជំនាញលោក យ៉ាន បានស្វែ ងរកគ្រូបង្រៀនម្នាក់ដែលលោកបាន ចំណាយពេលអស់កន្លះឆ្នាំ រហូតអាចធ្វើខ្លែងដែលលោកពេញចិត្ត។

លោក យ៉ាន បានឱ្យដឹងថា៖ «ក្នុងការធ្វើខ្លែងមួយ គឺខ្ញុំត្រូវការ ពេលចំនួនពីរថ្ងៃ ដែលរយៈពេលប៉ុណ្ណេះ ខ្ញុំអាចធ្វើបានដោយ ផ្ចិតផ្ចង់ និងមានរូបរាងស្អាត»។

បើតាមបុរសជនជាតិបារាំងរូបនេះដដែលបានឱ្យដឹងថា ខ្លែង ខ្មែរមានរហូតទៅដល់២៧ប្រភេទ ខុសៗគ្នាទៅតាមទំហំ និង រូបរាង ហើយខ្លែងនីមួយៗសុទ្ធតែមានដំណើរដើមទងរបស់វា ផងដែរ។ ដូច្នេះ គំនិតនៃការធ្វើខ្លែងលក់នេះ គឺក្នុងបំណង លើក ស្ទួយនូវខ្លែងទាំង ២៧មុខនេះឱ្យរស់រានមានជី វិតឡើងវិញនោះ ឯង។

លោក យ៉ាន ថា៖ «ខ្ញុំព្យាយាមរៀនសូត្រតាមរចនាបថបុរាណ ដែលគេធ្វើកាលពីមុនសង្រ្គាម ប៉ុន្តែពេលនេះ គេមិនសូវស្គាល់ ប្រភេទខ្លែងទាំង ២៧ មុខនោះទេ ភាគច្រើនគេស្គាល់តែខ្លែងឯក ឬខ្លែងព្នង និងខ្លែងកណ្ដូងប៉ុណ្ណឹង»។

ទន្ទឹមនេះដោយសារលោកទើបតែចាប់ផ្ដើមលក់ខ្លែងនៅក្នុងឆ្នាំ២០២២ ការបញ្ជាទិញផ្សេងៗក៏មិនទាន់ជាច្រើនដែរ ប៉ុន្តែបើទោះជា យ៉ាង នេះក្ដី លោក យ៉ាន ក៏នៅតែខិតខំប្រឹងប្រែងផ្សព្វផ្សាយ តាមបណ្ដាញសង្គម ហ្វេសប៊ុក ដែលមានឈ្មោះថា «Kleng» របស់លោក ឃើញថាមានការចាប់អារម្មណ៍ច្រើនគួរសម។
សម្រាប់ជំហានបន្ទាប់ប្រសិនបើការលក់របស់លោកអាចរកទីផ្សារបាន ពោលគឺបានទទួលជោគជ័យ លោកមានបំណងចង់ បង្កើត ជាសិប្បកម្មតែម្ដង។

លោក យ៉ាន បានប្រាប់ដូច្នេះថា ៖ «ទៅមុខទៅ បើជោគជ័យ ខ្ញុំចង់បង្កើតឡើងវិញនូវខ្លែងទាំង ២៧ប្រភេទ ដោយក្លាយខ្លួន ជាសិប្បកម្ម ធ្វើខ្លែងដោយដៃ ដោយប្រើវត្ថុធាតុដើមក្នុង ស្រុកតែម្ដង»។

ដោយឡែកការធ្វើខ្លែងរបស់លោកបច្ចុប្បន្នគឺ លោកព្យា យាម ប្រើប្រាស់វត្ថុធាតុដើមដែលអាចកើតឡើងវិញដូចជា ឫស្សីស្រុក ផ្ដៅ ស្លឹកត្នោត ក្រដាសស៊ីម៉ង់ត៍ ខ្សែ ក្រចៅ ខ្សែកំប្លោក និង បាយដំណើបជាដើម។ បែបនេះគឺលោកបានទាំងធ្វើអាជីវកម្ម និងបានទាំងជួយបរិស្ថានផងដែរ។

សម្រាប់តម្លៃខ្លែងវិញលោកបានបញ្ជាក់ថា ៖ «ខ្លែងឯកប្រវែង ២ម៉ែត្រ ខ្ញុំលក់ ៤០ម៉ឺនរៀល ខ្លែងឯកទំហំកណ្ដាល (១ម៉ែត្រ៥០) ខ្ញុំលក់ ៣៣ម៉ឺន។ ចំណែកខ្លែងតូច (៩០សង់ទីម៉ែត្រ) ដែលជា ខ្លែង ធម្មតាខ្ញុំលក់ ២០ម៉ឺនរៀល ដោយមិនគិតថ្លៃដឹកជញ្ជូន»។
ម្យ៉ាងទៀតលោកបានប្រើប្រាស់ការច្នៃប្រឌិត ដែលធ្វើឱ្យខ្លែង របស់លោកអាចបត់បាន ដោយគ្រាន់តែ យកឆ្អឹងទ្រូងចេញ ដូច្នេះវាកាន់តែមានភាពងាយស្រួលក្នុងការដឹកជញ្ជូនផ្លូវឆ្ងាយ។
សូមបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ន គេបានរាប់រកឃើញ ប្រភេទ និងឈ្មោះខ្លែងខ្មែររហូតដល់ទៅ ២៧ ប្រភេទហើយ ដែលក្នុងនោះរួមមាន ខ្លែង-ព្នង ឬខ្លែងអែក ខ្លែងកន្ទោង ខ្លែង កណ្ដូង ខ្លែងក្លស់ ខ្លែងកូនមាន់ ខ្លែងបៅ ឬខ្លែងប្របៅ ឬខ្លែង ហោរប៉ៅ ខ្លែងប្រម៉ង់ ខ្លែងសាក់ ឬខ្លែងចាក់ ខ្លែងគោម ខ្លែង មេអំបៅ ខ្លែងកង្កែប ខ្លែងស្លាបបី ខ្លែងយក្ស ខ្លែងស្វាប្រចាក់ ឬស្វាប្រសាក់ ខ្លែងក្ដាម ខ្លែងព្រះខែ ខ្លែងបណ្ដើរកូន ខ្លែងប៉ោត ខ្លែង ផ្កាយ ខ្លែងពស់ ខ្លែងនាគ ខ្លែងប្រជៀវ ខ្លែងឃ្លោក ឬខ្លែងក្អម ខ្លែងក្រពើ ខ្លែងត្រី ខ្លែងប្រាសាទអង្គរវត្ត និងខ្លែងប្រាសាទ បាយ័ន ៕
ដោយ៖កែវ បុស្បា

ads banner