ក្រសួងសុខាភិបាលផលិតវីដេអូ ណែនាំពីការការពារ ពីការឆ្លង មេរោគ កូវីដ១៩
ភ្នំពេញ៖ក្រសួងសុខាភិបាលបានផលិតវីដេអូអប់រំមួយដែលមាន រយៈជាងកន្លះនាទីពីការណែនាំនិងរបៀបនៃការទម្លាប់ការពារខ្លួនពីឯងផ្ទាល់ និងអ្នកដែលនៅជុំវិញខ្លួន ពីការឆ្លងមេរោគកូវីដ១៩ ដោយក្នុងនោះអ្វីដែលជាទម្លាប់ល្អដែលបុគ្គលគ្រប់រូបត្រូវប្រកាន់ខ្ជាប់គឺ ការពាក់ម៉ាស, លាងដៃ, ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និង ការ ចាក់វ៉ាក់សាំងកូវីដ១៩។
វីដេអូនេះ បានពណ៌នាថា ៖ «អ្នកធ្វើរឿងជាច្រើនដើម្បីការពារ កាបូប លុយរបស់អ្នកឱ្យមានសុវត្ថិភាព សូមធ្វើរឿងទាំងនេះ ដើម្បីការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកមាន សុវត្ថិភាពពីជំងឺកូវីដ១៩ ក្នុងនោះមានរក្សាម្លាត១,៥ម៉ែត្រ ពីមនុស្សម្នាក់ទៀត, ពាក់ម៉ាស, លាងដៃ, ខ្ទប់មាត់ពេលក្អក ឬកណ្តាស់, បើកបង្អួចបើសិនជាអាច, ចាក់វ៉ាក់សាំងភ្លាមពេល ដលវេនរបស់អ្នក»។
ទន្ទឹមគ្នានេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ កិច្ច ចាក់វ៉ាក់ សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី៨ ខែមករា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បន្ត ប្រុងប្រយ័ត្ន និងការពារពីមេរោគនេះ។
លោកជំទាវបានប្រាប់ឱ្យដឹងថា៖«សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នជានិច្ចនូវការចម្លងវីរុសកូវីដ១៩ ដោយបន្តអនុវត្តន៍វិធាន ការ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញបន្តបន្ទាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការផ្ទុះឡើងវិញនូវការរាតត្បាតជំងឺកូវីដ១៩ នៅក្នុង សហគមន៍»។
ទាក់ទងនឹងការការពារពីការផ្ទុះឡើងជាថ្មីនៃមេរោគកូវីដ១៩នេះដែរ នាចុងខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រសួងសុខាភិបាល ដាក់ បន្ថែមនូវម៉ាស៊ីនវាស់កម្តៅចំនួនបី គ្រឿងទៀត នៅតាមច្រក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅមុនឆ្លងឆ្នាំសាកល ដើម្បី ពិនិត្យសុខភាពអ្នកដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលចូល មកតាមច្រកទ្វារនេះ ក្នុងន័យធានាសុខភាពសម្រាប់ភ្ញៀវទាំង អស់ ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែល បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពអ្នកដំណើរចូលមកប្រទេសកម្ពុជា តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ បានថ្លែងដែរថា ក្នុង នាមក្រសួងសុខាភិបាល ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រយ័ត្នប្រយែង ត្រូវតែអនុវត្តនូវវិធានការ៣កុំ ៣ការពារ។
លោកជំទាវថា ៖ «ជាពិសេសប្រជាពលរដ្ឋដែលពុំទាន់ទទួលបាន វ៉ាក់សាំង បង្ការកូវីដ ១៩ ត្រូវតែអញ្ជើញទៅទទួលវ៉ាក់សាំង នៅគ្រប់ ទីកន្លែង មណ្ឌលសុខភាព ក៏ដូចជាមន្ទីរពេទ្យ ដែលនៅជិតផ្ទះ ហើយ ជាពិសេសបើសិនជាបងប្អូនអញ្ជើញទៅកម្សាន្តនៅទីតាំង រមណីយដ្ឋានផ្សេងៗ ត្រូវតែប្រយ័ត្នប្រយែង»។
ទោះបីថាប្រទេសកម្ពុជាមានការថមថយនូវអត្រាឆ្លងកូវីដ១៩ក៏ដោយ ក៏គ្រប់គ្នានៅតែប្រយ័ត្នប្រយែង ដូច្នេះសារអំពាវនាវរបស់ ក្រសួង សុខាភិបាលនេះ មិនដាច់ទេ គឺក្រសួងនៅតែបន្តធ្វើឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្រើន ព្រោះកម្ពុជាកន្លងមកមានការជោគជ័យ ដោយសារ មានការចូលរួមរបស់ប្រជាពលរដ្ឋ។ នេះបើតាមការ បញ្ជាក់ពីលោកជំទាវ យក់ សម្បត្តិ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ចំនួនករណីឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ចំនួន១៣៨ ៦២៨នាក់ ករណីជាសះស្បើយសរុប ១៣៥ ៥៤៧នាក់ និងករណីស្លាប់សរុប ៣ ០៥៦នាក់៕
ដោយ៖នាង សុគន្ធា