ខ្មាន់កាំភ្លើងចាប់ជំរិតមនុស្ស ៣២នាក់ នៅស្ថានីយ៍រថភ្លើង ភាគខាងត្បូង ប្រទេសនីហ្សេរីយ៉ា

អាប៊ូចា៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើង AK-47 បានចាប់ពង្រត់មនុស្សជាង ៣០នាក់ ពីស្ថានីយ៍រថភ្លើង ក្នុងតំបន់ អេឌូ (Edo) ភាគខាងត្បូងនៃប្រទេសនីហ្សេរីយ៉ា។

ការវាយប្រហារនេះ គឺជាឧទាហរណ៍ចុងក្រោយបង្អស់ នៃអសន្តិសុខដែលកំពុងកើនឡើង ដែលបានរីករាលដាលដល់ស្ទើរតែគ្រប់ជ្រុងនៃប្រទេស ដែលមានប្រជាជនច្រើនបំផុត នៅទ្វីបអាហ្រ្វិក ដែលបង្កបញ្ហាប្រឈមដល់រដ្ឋាភិបាល មុនការបោះឆ្នោតប្រធានាធិបតី នាខែកុម្ភៈ។

ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកប្រដាប់អាវុធបានវាយប្រហារស្ថានីយ៍រថភ្លើង ទុម ល្គីមី (Tom Ikimi) នៅម៉ោង៤ រសៀល ខណៈដែលអ្នកដំណើរកំពុងរង់ចាំរថភ្លើងទៅកាន់តំបន់ វ៉ារី (Warri) ដែលជាមជ្ឈមណ្ឌលប្រេង នៅក្នុងរដ្ឋ ឌែលតា (Delta) ក្បែរនោះ។

ប៉ូលិសបាននិយាយថា មនុស្សមួយចំនួននៅស្ថានីយ៍ ត្រូវបានបាញ់ នៅក្នុងការវាយប្រហារ។ មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់ លោក គ្រីស អូសា ណេហ៊ីឃែរ (Chris Osa Nehikhare) បាននិយាយថា ក្រុមចាប់ជំរិតបានចាប់មនុស្សចំនួន ៣២ នាក់ ទោះបីជាមានម្នាក់បានរត់គេចខ្លួនរួចខ្លួនហើយក៏ដោយ។

លោកបានបន្តថា៖ «នៅពេលនេះ បុគ្គលិកសន្តិសុខដែលមានសមាសភាពពីយោធា និងប៉ូលិស ព្រមទាំងអ្នកពាក់ព័ន្ធ កំពុងបង្កើនប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវចាប់ជំរិត»។ «យើងមានទំនុកចិត្តថាជនរងគ្រោះផ្សេងទៀតនឹងត្រូវបានជួយសង្គ្រោះ នៅប៉ុន្មានម៉ោងខាងមុខ»៕ ប្រភពពី Reuters , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner