ទុយនីស៊ីជួយសង្គ្រោះជនចំណាកស្រុក អ៊ីតាលី ៣០៥នាក់ ពីការលិចទូក
ទុយនីស ៖ ឆ្មាំល្បាតជើងទឹកទុយនីស៊ីបានជួយសង្គ្រោះជនចំណាកស្រុកខុសច្បាប់ ដែលជាប់ព្រំដែនប្រទេសអ៊ីតាលីចំនួន ៣០៥នាក់ ពីការលិចទូកចេញពីឆ្នេរសមុទ្ររបស់ប្រទេសកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់)។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យឆ្មាំជាតិ លោក ហូសស៊ីមមេដឌីន ច្បាប្លី នៅថ្ងៃអាទិត្យទី០៨ ខែមករា ឆ្នាំ២០២៣។
លោក ច្បាប្លី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្មាំល្បាតជើងទឹកបានរារាំងការប៉ុនប៉ងចំនួន៨លើក ដោយជនចំណាកស្រុកខុសច្បាប់ ពីអនុតំបន់សាហារ៉ាអាហ្រ្វិក ដើម្បីឆ្លងកាត់ដែនសមុទ្រមេឌីទែរ៉ាណេ។
ទន្ទឹមគ្នា អាជ្ញាធរទុយនីស៊ីនឹងចាត់វិធានការចាំបាច់ ប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់។ ដោយមានទីតាំងនៅចំកណ្តាលដែនសមុទ្រមេឌីទែរ៉ាណេ ប្រទេសទុយនីស៊ីគឺជាចំណុចឆ្លងកាត់ដ៏ពេញនិយមបំផុតមួយ សម្រាប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់អឺរ៉ុប។
ទោះបីជាអាជ្ញាធរទុយនីស៊ីបានអនុម័តវិធានការតឹងរ៉ឹង ដើម្បីដោះស្រាយបញ្ហានេះក៏ដោយ ក៏ការប៉ុនប៉ងធ្វើអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសទុយនីស៊ីទៅកាន់ប្រទេសអ៊ីតាលីមានការកើនឡើងដដែល៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា