សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ យើងក៏មិនអាចការពារពីកូវីដ១៩ បានដែរ
កំពង់ចាម៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បើគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ យើងក៏មិនអាចការពារពីកូវីដ១៩បានដែរ ។ សម្តេច ក៏បានបន្តអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តការពារ ជាពិសេស គឺទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅពេលនេះ យើងមានវ៉ាក់សាំងកូវីដ១៩នៅសល់ប្រមាណ ៧លានដូសនៅក្នងឃ្លាំង។ ហើយនៅ ១៥លានដូសទៀត យើងមិនទាន់ឲ្យមិត្តចិនដឹកមកកាន់ប្រទេសកម្ពុជាទេនោះ និងសហរដ្ឋអាមេរិក ក៏ផ្តល់ឲ្យយើង ៥លាន៥សែនដូសដែរ តែយើងសំណូមពរមិនទាន់ ឲ្យដឹកចូលមកកាន់កម្ពុជាដែរ ព្រោះវ៉ាក់សាំងយើងច្រើនណាស់ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការព្រួយបារម្ភផងដែរអំពីការវិវត្តរបស់មេរោគកូវីដ១៩ ។ សម្តេចបានបញ្ជាក់ថា មិនដឹងថា មេរោគកូវីដ១៩ នឹងវិវត្តជាប្រភេទណាទៀត ដល់កម្រិតណាទៀត ដូច្នេះយើងត្រូវការពារតាមរយៈការវ៉ាក់សាំងកូវីដ១៩ ដើម្បីការពារ ។
សូមបញ្ជាក់ដែរថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២៨% ៕ ដោយ ៖ វណ្ណលុក