លោក សោម សុទ្ធរិទ្ធិពង្ស៖ ការប្រកួតថ្នាក់ជាតិ ជាការពង្រឹងសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស និងចៅក្រម ឆ្ពោះស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ ក្រោយដំណើរការប្រកួត២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅឆ្នេររាម ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការប្រកួតនេះ ត្រូវបានមន្រ្តីសហព័ន្ធ ចាត់ទុកថា ជាការពង្រឹងសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស និងចៅក្រម ឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ចំពោះពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ មានការអញ្ជើញចូលរួមពីលោកឧត្តមនាវីទោ នួន សុធី មេបញ្ជាការរង នៃបញ្ជាការដ្ឋានមូលដ្នានសមុទ្រ និងតំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ និងលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធ តំណាងឯកឧត្តម ថោង រដ្ឋសក្តិ ប្រធានស្តី ។
លោក សោម សុទ្ធរិទ្ធិពង្ស បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ បានដំណើរការប្រកួតដោយរលូន ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ស្របតាមផែនការសហព័ន្ធ ដែលកំពុងយកចិត្តទុកដាក់លើការសម្រួចសមត្ថភាពរបស់កីឡាករ កីឡាការិនី ក៏ដូចជាមន្ដ្រីបច្ចេកទេស សម្រាប់ការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នាខែឧសភាខាងមុខនេះ។
លោក សុទ្ធរិទ្ធិពង្ស បាននិយាយថា៖ «ការប្រកួតនេះ គឺជាការប្រកួតដ៏មានសារៈសំខាន់មួយ សម្រាប់ការបន្តកសាងសមត្ថភាព គុណភាព ទេពកោសល្យ និងវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនី ពិសេសគឺជាការវាស់ស្ទង់សមត្ថភាពរបស់មន្រ្តីបច្ចេកទេស និងចៅក្រមរបស់សហព័ន្ធ ក្រោមការជួយគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ និងអភិវឌ្ឍវិស័យកីឡាទូកក្តោងនៅកម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាពេលឆាប់ៗ ខាងមុខ»។
តាមរយៈការប្រកួតប្រជែង នៅឆ្នេររាម ចាប់តាំងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា កន្លងមកនេះ គឺវិញ្ញាសា Windsurfing Open ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ កែវ ភារុណ លេខ២ កីឡាករ ប៉ាល់ សិលា លេខ៣ កីឡាករ កែវ ភានុន រីឯវិញ្ញាសា Windsurfing Techno Open លេខ១ បានទៅលើកីឡាករ គង់ សំរេច លេខ២ កីឡាករ ព្រំ វណ្ឌី និងលេខ៣ កីឡាករ ម៉ុញ ផាន់ណះ ហើយវិញ្ញាសា ILCA Open លេខ១បានទៅកីឡាករ ញ៉ូវ ចាន់ លេខ២ ស៊ុន ចាន់ឌឿន និងលេខ៣ កីឡាការិនី សម្បត្តិ ចនសាន់។
ចំណែកវិញ្ញាសា Byte Boat Open មេដាយមាសបានទៅកីឡាករ ចាន់ សុខវាសនា មេដាយប្រាក់កីឡាករ ធុច លីអ៊ីង និងមេដាយសំរឹទ្ធកីឡាករ មាច ឫទ្ធីវង្ស រីឯវិញ្ញាសា Optimist Open វិញ លេខ១ បានទៅកីឡាករ ទិត សុវណ្ណា លេខ២ កីឡាករ បូ សំអ៊ី និងលេខ៣ កីឡាការិនី ធឿន ដាវីត ខណៈការប្រកួតប្រជែងជើងឯកថ្នាក់ជាតិឆ្នាំនេះ ត្រូវបាន លោក សោម សុទ្ធរិទ្ធិពង្ស អះអាងថា បានធ្វើឡើង ដោយឈរលើស្មារតីសាមគ្គីភាព និងបានអនុវត្តតាមគោលការណ៍យុត្តិធម៌ (Fair Play) ជាចម្បង៕ ចាន់ វិចិត្រ