កីឡាករប្រណាំងម៉ូតូ Cross ១១៥នាក់ ត្រៀមប្រកួតប្រជែងនៃព្រឹត្តិការណ៍ Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន ១២ម៉ូទ័រផាក
ភ្នំពេញ៖ លោក ឈឹម នរិន្ទ ប្រធានគណៈកម្មការរៀបចំប្រណាំងម៉ូតូ Cross នៃព្រឹត្តិការណ៍កីឡាប្រណាំងយានយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន ១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរីបានគូសបញ្ជាក់ថា មកដល់ពេលនេះ ការចុះឈ្មោះចូលរួមប្រកួតលើផ្នែកម៉ូតូ Cross មានកីឡាករជាតិ-អន្តរជាតិចំនួន ១១៥នាក់ហើយ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងលើ ៥ Class ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣។
ប្រធានគណៈកម្មការរៀបចំប្រណាំងម៉ូតូ Cross រូបនេះបានអះអាងថា ក្នុងចំនួនកីឡាករ ១១៥នាក់នេះ គឺ មានកីឡាករជាតិ និងអន្តរជាតិ ដែលរស់នៅកម្ពុជា និងមកពីក្រៅប្រទេស ដូចជាកីឡាករបារំាង ស្កុតលែន វៀតណម ថៃ កូរ៉េជាដើម ខណៈការប្រកួតត្រូវបានចែកចេញជា៥ Class ដូចជា Class-A Class-B Class-C Class-VIP និងClass Lady-Kid។
លោក ឈឹម នរិន្ទ សង្កត់ធ្ងន់ថា ថ្មីដ្បិតតែការរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន ១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរីនេះ នៅឆ្ងាយក៏ពិតមែន ប៉ុន្តែលោកមើលឃើញថា កីឡាករនានាមានការស្រឡាញ់ និងចង់ចូលរួមប្រកួតខ្លាំង ដោយពេលនេះទទួលបានការចុះឈ្មោះចូលរួមបានជាង ១០០នាក់។ «ពីមុន ពួកគាត់មិនទាន់ស្គាល់អ្វីជាស្គាល់ទីលាន ១២ម៉ូទ័រផាក ប៉ុន្តែក្រោយពីមានការពន្យល់ផ្សព្វផ្សាយ គណៈកម្មការបច្ចេកទេសទទួលបានការចុះឈ្មោះពីកីឡាករជាតិ និងអន្តរជាតិជាបន្តបន្ទាប់»។
លោក ឈឹម នរិន្ទ គូសបញ្ជាក់ទៀតថា ១២ម៉ូទ័រផាក គឺជាទីលានស្តង់ដាអន្តរជាតិមួយ ដែលក្នុងពេលធ្វើទីលាននេះមានការចូលរួមពីអ្នកជំនាញជាជនជាតិបារំាង ថៃ និងមានរយៈចម្ងាយ ១,៩គីឡូម៉ែត្រ។ ការចូលរួមប្រកួត នៅទីនេះគឺត្រូវតែស្វិតស្វាញ ដោយសារតែគោលការណ៍ទីលាន ១២ម៉ូទ័រផាកត្រូវការជ្រើសរើសធនធានកីឡាករល្អៗ ដែលមានសមត្ថភាពខ្ពស់ៗពិតប្រាកដ ដើម្បីសម្រិតសម្រាំងធនធានកីឡាករត្រៀមចេញទៅប្រកួតអន្តរជាតិ នៅក្រៅប្រទេស នាពេលខាងមុខ។ «ដូច្នេះ វាត្រូវការទាមទារឲ្យកីឡាករហ្វឹកហាត់ឲ្យបានខ្លាំង និងការប្រកួតក្នុងកម្រិតស្វិតស្វាញខ្លាំងបំផុត ហើយពេលដែលទីលានស្តង់ដាអន្តរជាតិមួយនេះជ្រើសរើសកីឡាករឆ្នើមៗបានហើយនឹងត្រូវចុះកិច្ចសន្យាផ្តល់ប្រាក់ខែជាប្រចាំជូនដល់ពួកគាត់ ដែលជាកីឡាករប្រចាំទីលាន១២ម៉ូទ័រផាក ក្នុងការចេញទៅប្រកួតប្រជែងលើឆាកអន្តរជាតិ នាពេលខាងមុខ»។
គួរបញ្ជាក់ថា ក្រុមកីឡាករមកពីសាធារណរដ្ឋកូរ៉េបានធ្វើមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីត្រៀមចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាប្រណាំងយានយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន ១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣៕ ចាន់ វិចិត្រ