ប្រធានាធិបតីប្រេស៊ីលបញ្ជាឱ្យចេញអន្តរាគមន៍សហព័ន្ធប្រឆាំងនឹងពួកកុបកម្ម

ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាត្យូ លូឡា ដាស៊ីលវ៉ា បានប្រកាសគ្រាអាសន្ននៅក្នុងសង្កត់សហព័ន្ធនៃរដ្ឋធានី ប្រាស៊ីលីយ៉ា បន្ទាប់ពីអ្នកគាំទ្ររាប់ពាន់នាក់របស់អ្នកកាន់តំណែងមុនរបស់លោក គឺលោក ហ្សាអៀ បុលសូណារ៉ូ បានវាយលុកអគារសភា, តុលាការកំពូល និងវិមាន Planalto ប្រធានាធិបតី។

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀ បុលសូណារ៉ូ បានសម្រុកចូលអគារសភាក្នុងរដ្ឋធានី ប្រាស៊ីលីយ៉ា។ ពួកគេបដិសេធទទួលស្គាល់បរាជ័យរបស់អតីតប្រធានាធិបតីរូបនេះ នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងកាលពីឆ្នាំមុន។

បន្ទាប់ពីការប៉ះទង្គិចគ្នាជាច្រើនម៉ោង ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ប៉ូលិសកុប្បកម្មបានគ្រប់គ្រងអគាររដ្ឋាភិបាលឡើងវិញនៅល្ងាចថ្ងៃអាទិត្យម្សិលមិញ។

ជាមួយគ្នានេះ អាជ្ញាធរបានប្រកាសថា មនុស្សយ៉ាងហោចណាស់ ៣០០នាក់ត្រូវបានចាប់ឃុំខ្លួន ខណៈដែលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានព្រមានថា ការចាប់ខ្លួននឹងបន្តពេញមួយយប់ ខណៈដែលអាជ្ញាធរកំពុងព្យាយាមកំណត់អត្តសញ្ញាណអ្នកគ្រប់គ្នា ដែលជាប់ពាក់ព័ន្ធក្នុងអ្វីដែលពួកគេហៅថា ជាអំពើភេរវកម្ម និងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។

គួរបញ្ជាក់ថា លោក លូឡា ដាស៊ីលវ៉ា បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលា ឆ្នាំ២០២២ ហើយចូលកាន់តំណែងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនរបស់លោក បុលសូណារ៉ូ បានបដិសេធទទួលស្គាល់ជ័យជម្នះរបស់លោក លូឡា ហើយបានធ្វើបាតុកម្មជុំវិញអគារសហព័ន្ធ៕

ប្រភព៖ RT និង NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner