ទីបំផុត រដ្ឋមន្ត្រីសុខាភិបាលថៃលុបចោលការតម្រូវឱ្យចូលប្រទេស បង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19
បាងកក៖ រដ្ឋមន្ត្រីសុខាភិបាលថៃបាននិយាយ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ថា ប្រទេសថៃបានលុបចោលគោលនយោបាយដែលបានប្រកាសនៅចុងសប្តាហ៍ ស្តីពីការតម្រូវឱ្យអ្នកទស្សនាបង្ហាញភស្តុតាង នៃការចាក់វ៉ាក់សាំង COVID-19 ។
លោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) រដ្ឋមន្ត្រីសុខាភិបាលថៃ បានប្រាប់អ្នកយកព័ត៌មានថា ភស្តុតាងនៃការចាក់ថ្នាំបង្ការគឺមិនចាំបាច់ទេ ដោយសារមានការចាក់ថ្នាំបង្ការគ្រប់គ្រាន់នៅទូទាំងពិភពលោក ខណៈដែលអ្នកដែលមិនបានទទួលថ្នាំបង្ការនឹងត្រូវបានអនុញ្ញាតឱ្យចូលដោយគ្មានការរឹតត្បិត។
លោកថា ការសម្រេចនេះបានជំនួស គោលការណ៍ ដែលបានប្រកាស កាលពីថ្ងៃសៅរ៍ ដោយនិយតករអាកាសចរណ៍ មុនពេលប្រទេសចិនបើកព្រំដែនរបស់ខ្លួនឡើងវិញ។
ការសម្រេចថ្មីនេះធ្វើឡើង ក្រោយពេលមានការរិះគន់លើបទប្បញ្ញត្តិ ទាក់ទងនឹងការតម្រូវឲ្យអ្នកដំណើរទាំងអស់ ត្រូវទទួលការវ៉ាក់សាំង Covid-19 យ៉ាងតិច ២ដូស មុនពេលអនុញ្ញាតឱ្យពួកគេឡើងយន្តហោះទៅកាន់ប្រទេសថៃ ដែលនាំឱ្យអ្នកទេសចរជាច្រើននាក់ លុបចោលការធ្វើដំណើររបស់ពួកគេ៕
ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត