បង្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យ ១២នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌព្រែកព្នៅ បានស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យប្រុសស្រីចំនួន ១២នាក់ ពាក់ព័ន្ធ ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។
លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅបានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០នាទី លោកបានដឹកនាំបញ្ជាផ្ទាល់ ដោយមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកវរសេនីយ៍ទោ ទឹម សៅសុភ័ក្រ្ត អធិការរងផ្នែកប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការស្រាវជ្រាវបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចំនួន០២គោលដៅ។
លោកអធិការនគរបាលខណ្ឌព្រែកព្នៅបានបន្តឲ្យដឹងទៀតថា ករណីទី១នៅចំណុចលើខ្នងទំនប់ ផ្លូវលំ ភូមិធំជើង សង្កាត់ពញាពន់ និងទី២ នៅចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្នុងនោះធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១២នាក់ ស្រី ០២នាក់ នឹងវត្ថុតាងចាប់យកមាន ៖
១.ក្រាមសថ្លាមានតម្រុយសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់ធំល្មម និង ០១កញ្ចប់ថង់តូច ។
២.ទូរសព្ទ ចំនួន ១៦គ្រឿង។
៣.ម៉ូតូ ចំនួន ០៣គ្រឿង ។
៤.កាំភ្លើងស្នប់កែច្នៃ ចំនួន ០៧ដើម ។ ៥.ដាវដែកកែច្នៃ ចំនួន ០៥ដើម ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដេីម្បី ធ្វីការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ ជីម ភារ៉ា