បញ្ជូនខ្លួនជនសង្ស័យ ២នាក់ ជាជាតិចិន ទៅកាន់តុលាការ ដែលប្រព្រឹត្តបទល្មើសប្លន់

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនបុរសជនសង្ស័យ ជាជនជាតិចិន ២នាក់ ដែលប្រព្រឹត្តបទល្មើសប្លន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង៣០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្រើអាវុធខ្លីម៉ាក Lock ១៩ ពណ៌ខ្មៅ និងកូនកាំបិតភ្ជង់ប្លន់យកប្រាក់ចំនួន ៧៣៩ដុល្លារសហរដ្ឋអាមេរិក) ពីជនជាតិចិន នៅចំណុចហាងហួយយ៉ូវ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្នុងកោះពេជ្រ)។

សូមបញ្ជាក់ថា បន្ទាប់ពីកើតហេតុ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារនគរបាលយុត្តិធម៌ បានដាក់បទបញ្ជាឱ្យកម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវ ស៊ើបអង្កេត ជាបន្ទាន់តាមរយៈកាមេរ៉ាសុវត្ថិភាព និងសាកសួរសាក្សីផ្សេងៗ ដើម្បីកំណត់មុខសញ្ញាឈានទៅដល់ការចាប់ខ្លួន។

លោក ប៊ុន សត្យា បានបន្តទៀតថា លុះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី ប្រហែល១៩ម៉ោង ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ ក្នុងនោះ ម្នាក់ឈ្មោះ YAO YUHONG ភេទប្រុស ជនជាតិចិន អាយុ ៤៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ WANG YANG ភេទប្រុស ជនជាតិចិន អាយុ ៣៦ឆ្នាំ នៅចំណុចផ្លូវមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រួមទាំងដកហូតបានអាវុធខ្លី១ដើម ម៉ាក LOCK ១៩ ពណ៌ខ្មៅ បង់២ និងគ្រាប់ចំនួន១៧គ្រាប់ និងកូនកាំបិតបត់ម៉ាក Browning ដងឈើ១។ ពេលឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើ សមត្តកិច្ចបាននាំយកទៅសាកសួរ ទើបជនសង្ស័យសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពភ្ជង់ប្លន់យកប្រាក់ចំនួន ៧៣៩ដុល្លារអាមេរិកពីជនជាតិចិនដូចគ្នានោះ ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនខ្លួនមកដល់តុលាការហើយ កំពុងតែស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ បើកការស៊ើបសួរនាំនៅឡើយ ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner