រដ្ឋមន្រ្តីទេសចរណ៍ ៖ ឥណ្ឌូនេស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិនជាមួយនឹងកម្រាលព្រំក្រហម

ហ្សាកាតា ៖ រដ្ឋមន្ត្រីទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ឥណ្ឌូនេស៊ី លោក Sandiaga Uno បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន បន្ទាប់ពីយុទ្ធសាស្រ្តកូវីដ១៩ត្រូវបានកែលម្អនៅប្រទេសចិន។

លោក Uno បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅរដ្ឋធានីហ្សាកាតា ថា យើងត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិនជាមួយនឹងកម្រាលព្រំក្រហម។ លោកថា យើងគ្រាន់តែត្រូវអនុវត្តតាមស្តង់ដារ CHSE របស់យើងប៉ុណ្ណោះ មានដូចជាអនាម័យ សុខភាព សុវត្ថិភាព និងនិរន្តរភាពបរិស្ថាន ដូចអ្វីដែលយើងកំពុងធ្វើគ្រប់ពេលវេលានេះ។

លោករដ្ឋមន្រ្តីបន្ថែមថា ជនជាតិចិនតែងតែឈរនៅលើកំពូលតារាង នៃចំនួនអ្នកទេសចរ ដែលមកលេងកំសាន្តតំបន់ទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី។
ជាក់ស្តែងស្ថិតិប្រទេសឥណ្ឌូនេស៊ី (BPS) បានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរចិនរហូតដល់ ២.០៧លាននាក់ក្នុងឆ្នាំ ២០១៩។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតមក ចំនួននេះបានធ្លាក់ចុះគំហុក ដោយមានភ្ញៀវទេសចរចិនត្រឹមតែ ៩៤,៩២៤នាក់ប៉ុណ្ណោះ ដែលមកប្រទេសឥណ្ឌូនេស៊ី ក្នុងកំឡុងខែមករា ដល់ខែតុលា ឆ្នាំ ២០២២។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្នុងឆ្នាំ ២០២៣នេះ ឥណ្ឌូនេស៊ីរំពឹងថា នឹងស្រូបទាញភ្ញៀវទេសចរចិនយ៉ាងហោចណាស់ ២៥៣,០០០នាក់មកទស្សនាប្រទេសខ្លួន៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner