សម្ដេចក្រឡាហោម ស ខេង ៖នឹងអញ្ជើញអភិបាលរាជធានី-ខេត្ត មករាយការណ៍អំពីបទល្មើស

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃមានគម្រោងនឹងអញ្ជើញអភិបាលរាជ ធានី-ខេត្ត ម្នាក់ម្ដងៗមករាយការណ៍ជូនសម្ដេចអំពីបទល្មើសនីមួយៗក្នុងមូលដ្ឋានរបស់ខ្លួនដោយគ្មានការលាក់បាំងនោះឡើយ ។

នាឱកាសអញ្ជើញបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្ដេច ក្រឡាហោម ស ខេង បានបញ្ជាក់ទៅកាន់អ្នកចូលរួមថា ពេលនេះ រាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងការប្រយុទ្ធប្រឆាំងនឹង បទល្មើស ផ្សេងទៀត ក្នុងនោះ អំពើជួញដូរមនុស្ស គ្រប់ទម្រង់ ត្រូវបន្តធ្វើ ការងា រដោយ មិនត្រូវទម្លាក់ដៃនោះទេ។បទល្មើសជួញដូរមនុស្ស ជាបទល្មើសមួយកើតឡើងដោយ មានភាពស្មុគស្មាញណាស់ ដូចជា៖ ការរំលោភសិទ្ធិមនុស្សហើយក៏មានបទល្មើស ផ្សេងទៀត ដូចជា ចោរលួច ចោរប្លន់ជាដើម។

សម្ដេចក្រឡាហោមបានរំលឹកថា កាលពេលមុន ក្នុងមួយថ្ងៃ ជា មធ្យមទទួលបានបណ្តឹងជាង១០ហើយមកដល់ ពេលនេះ ក្នុង មួយថ្ងៃមានមួយបណ្តឹង ខណៈថ្ងៃខ្លះក៏គ្មានបណ្តឹងផងដែរ។ «នេះជាលទ្ធផលដែលយើងបានដោះស្រាយ ក្នុងការជួយជន រងគ្រោះបានជាបន្ដបន្ទាប់ ដែលមានបណ្តឹងសុំឱ្យជួយ»។

ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំ អភិបាល រាជធានី-ខេត្ត ត្រូវតែធ្វើការដោះស្រាយចំពោះពាក្យបណ្តឹង របស់ជនរងគ្រោះឱ្យបានអស់ និងច្បាស់លាស់ ដោយមិនត្រូវ ទុកចោល ឬធ្វើលំៗស្រាលៗ និងផ្សំគំនិតនោះទេ។បើសិន អភិបាលរាជធានី-ខេត្ត ឬសមត្ថកិច្ច មានការបិទបាំងបទល្មើស នៅពេលទទួលបានបណ្តឹង ហើយមិនបានដោះស្រាយនោះ នៅថ្ងៃណាមួយ នឹងរកឃើញជាមិនខាន។

សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា «បើបិទបាំងមានន័យថា យើងគាំទ្រនូវអំពើទុច្ចរិត ក្នុងនោះពេលយើងចុះទៅ គឺយើងនឹង ឃើញនូវប្រភេទបទល្មើសព្រមគ្នា បើមិនមួយ ក៏ពីរ ឬក៏បីដែរ។ បើនៅកន្លែងមួយបើកការរកស៊ីអនឡាញ សួរថាមានច្បាប់ទេ? អត់មាន នេះជាបទល្មើសមួយ មួយទៀត អ្នកធ្វើការនៅអន ឡាញ មាន វីសារចូលមកស្រុកចូលកម្ពុជា បើអត់មាន គឺបទល្មើស មួយ ទៀត។ តែបើមានវីសារទេសចរណ៍ តែមកធ្វើការនោះ ក៏ជាកំហុស មួយដែរ។ បើយើងធ្វើការលំៗ ស្រាលៗ ឱ្យតែរួចពីដៃ នៅថ្ងៃណា មួយ ខ្ញុំនឹងធ្វើគណនេយ្យភាព ត្រួតពិនិត្យ ហៅចៅហ្វាយខេត្ត មក រាយការណ៍ តាមករណីនីមួយៗ។ បើមន្ត្រីនគបាលធ្វើការ មិន ច្បាស់លាស់ គឺមិនស្មោះត្រង់ និងវិជ្ជាជីវៈ»។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ដ្រី បានទម្លាយឱ្យដឹងថា រហូត មកដល់ពេលនេះ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹង ៧០០ ពាក្យបណ្តឹង ។ចំណែកពាក្យបណ្តឹងមកពីខេត្តណា ចំនួនប៉ុន្មាន គឺមាននៅក្នុងបញ្ជីអស់ហើយ។ ដូច្នេះ មិនអាចលាក់បាំង បាន ឡើយ ៕ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner