ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) លើកទឹកចិត្តកម្ពុជា ឱ្យនាំមុខប្រទេសដទៃទៀត លើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍន៍បៃតង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយនៃលេខធិការក្រុមការងារហិរញ្ញវត្ថុ នៃក្រុមការងារត្រួតពិនិត្យ រួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) បានលើកទឹកចិត្តកម្ពុជា ឱ្យនាំមុខប្រទេសដទៃទៀត លើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍន៍បៃតង ។

នេះជាការលើកឡើងរបស់លោកស្រី ម៉ាលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយនៃលេខធិការក្រុមការងារហិរញ្ញវត្ថុ ដែលបានដឹកនាំក្រុមការងារត្រួតពិនិត្យ រួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបថា លោកស្រី ម៉ាលីន បានសម្ដែងនូវសេចក្ដីរីករាយ ដោយបានដឹកនាំប្រតិភូមកកាន់កម្ពុជា។ លោកស្រី ម៉ាលីន បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ដែលបានចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 បានយ៉ាងជោគជ័យ បើកប្រទេសឡើងវិញ និងបើកសេដ្ឋកិច្ចឡើងវិញ។

លោកស្រី ម៉ាលីន បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ហើយបានលើកទឹកចិត្តកម្ពុជា ឲ្យនាំមុខប្រទេសដទៃទៀត លើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍន៍បៃតង។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកស្រី ម៉ាលីន និងប្រតិភូទាំងមូល មកកាន់ព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូទាំងមូលអំពីយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលជំងឺកូវីដ19 និងបានជម្រាបជូនប្រតិភូទាំងមូលផងដែរ អំពីកិច្ចផ្ដួចផ្ដើមការអភិវឌ្ឍបៃតង ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន កន្លងមក ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner