ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១ និងជាទីក្រុងស្អាត ដែលរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេ ប្រចាំឆ្នាំ២០២២

ខេត្តបាត់ដំបង៖ កម្មវិធីប្រកួតប្រជែងទីក្រុង ដែលមានពិធីបុណ្យចូលឆ្នាំសាកលល្អជាងគេ សម្រាប់ប្រចាំឆ្នាំ២០២២” (Best Countdown City of The Year 2022) បានប្រកាសជាផ្លូវការ លទ្ធផលខេត្តបាត់ដំបង បានជាប់ចំណាត់ថ្នាក់ជ័យលាភីលេខ១ ជាទីក្រុងស្អាតដែលបានរៀបចំ នូវពិធីបុណ្យចូលឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ២០២២កន្លងទៅ។

ថ្មីៗនេះគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសឱ្យដឹងថា ខេត្តបាត់ដំបងជាប់ជ័យលាភីលេខ១ក្នុងកម្មវិធីប្រកួតប្រជែង”ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២” ខណៈខេត្តព្រះសីហនុជាប់ជ័យលាភីលេខ២ និង សៀមរាបលេខ៣។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតក៏ បានបញ្ជាក់បន្ថែមថា ពិធីប្រគល់ពានរង្វាន់ នឹងប្រព្រឹត្តទៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ…។

ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងការចូលរួមគាំទ្រពីគ្រប់ស្ថាប័នមន្ទីរអង្គភាព និងវិស័យឯកជនពីគ្រប់មជ្ឈដ្ឋាននានា និងពីការខិតខំរបស់រដ្ឋបាលស្រុក-ក្រុងនិងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ដាក់តាំងបង្ហាញមុខម្ហូបអាហារ និងបង្អែមខ្មែររបស់អ្នកខេត្តបាត់ដំបង ដែលមានភាពល្បីល្បាញ សម្រាប់ស្វាគមន៍ដល់ភ្ញៀវទេសចរ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ក្នុងខេត្តរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រៅពីការដាក់តាំងបង្ហាញម្ហូបអាហារ និងបង្អែមខ្មែរ ក្នុងនោះរដ្ឋបាលខេត្ត បានចំតុបតែងលម្អ រៀបចំភ្លើងពណ៌តាមស្ពាន សួនច្បារ តាមអគារទីសាធារណៈនានា និងការដាក់តាំងពិព័ណ៌ផលិតផល ការសម្តែងសិល្បៈរបាំប្រពៃណី និងរបាំប្រជាប្រិយ ការសម្តែងសៀក និងបង្កបរិយាកាសសប្បាយឲ្យមានការប្រគុំតន្ត្រីខ្នាតតូច-ធំ និងការអុជកាំជ្រួច នាពេលរាត្រីឆ្លងឆ្នាំ សកលឆ្នាំ២០២២-២០២៣ ហើយ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរប្រមាណជាង ២១ម៉ឺននាក់ផងដែរ ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន

ads banner