អាជ្ញាធរ៖ ការសាងសង់មជ្ឈមណ្ឌលសំចត សម្រាប់ពលករ នៅប៉ោយប៉ែតសម្រេចបានជាង ៣០ភាគរយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចបង្ហាញថាការសាងសង់ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតសម្រេចបានជាង៣០ភាគរយ។មជ្ឈមណ្ឌលនេះសង់ឡើងទុកដើម្បីបម្រើផលប្រយោជន៍ដល់ពលករចំណាកស្រុក ពិសេសជនរងគ្រោះដោយអំពើជួញដូរមនុស្ស ព្រម ទាំង បណ្ដុះបណ្ដាលជំនាញដល់ពលករ។នេះបើតាមការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចដែលថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៣។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានឱ្យដឹងថា រូបលោកផ្ទាល់ មន្រ្តីជំនាញ របស់ក្រសួង ព្រមទាំងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងសហការី បានចុះទៅពិនិត្យការដ្ឋានសាងសង់មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែតដោយផ្ទាល់កាលពីសប្ដាហ៍មុន។
លោក អះអាងថា ៖«បច្ចុប្បន្នសម្រេចការសាងសង់បានជាង ៣៣ភាគរយហើយ។មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ គឺមានអត្ថប្រយោជន៍ដើម្បីសម្រួលដល់ពលករចំណាកស្រុក ជាពិសេសបង្កើននូវផាសុខភាព និងសុវត្ថិភាពបន្ថែមទៀត។ ម្យ៉ាងទៀតក្រុមការងារ បានចុះពិនិត្យទីតាំងសាងសង់ និងពិនិត្យ កន្លែងផលប៉ះពាល់ ដើម្បីសម្របសម្រួលរកដំណោះស្រាយផងដែរ ធ្វើយ៉ាងណាពន្លឿនគម្រោងនេះឱ្យបញ្ចប់តាមផែនការគ្រោងទុក»។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះ បានបញ្ជាក់ដែរថា នៅ ក្នុង ដំណើរចុះពិនិត្យការដ្ឋានសាងសង់នោះដែរ ភាគីថៃក៏បានទទួលយក សំណើរស្នើសុំការបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជាសម្រាប់បម្រើការងារ ខណៈការបណ្ដុះបណ្ដាលនេះនឹងអនុវត្តនៅក្នុងមជ្ឈមណ្ឌលនេះ រយៈពេលប្រាំមួយខែ ដោយគិតចាប់ពីខែមីនា រហូតដល់ខែសីហា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងការសាងសង់មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ លោក ឆឺតកៀត អាត់ថាក័រ (Cherdkiat ATTHAKOR) ឯកអគ្គរាជទូត ថៃប្រចាំកម្ពុជា បានលើកឡើងថា ការសាងសង់មណ្ឌលនេះ នឹង រួមចំណែក ជួយដល់ជនរងគ្រោះ មានសង្ឃឹមក្នុងជីវិតសារជាថ្មី ដោយ មានការផ្ដល់ជំនាញបណ្ដុះបណ្ដាលផ្សេងៗ។ ទន្ទឹមគ្នានេះ លោក ក៏បានគាំទ្រ និងជំរុញការសាងសង់មជ្ឈមណ្ឌលឱ្យសម្រេចជោគជ័យ ខណៈលោកក៏សង្ឃឹមថា នៅពេលដែលមជ្ឈមណ្ឌលសាងសង់រួច នឹងបម្រើផលប្រយោជន៍ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សថែមទៀត។

របាយការណ៍របស់ក្រសួងសង្គមកិច្ចបញ្ជាក់ថា មជ្ឈមណ្ឌលសំចត ប៉ោយប៉ែតនេះ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ដោយគិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្រេចបានលទ្ធផលចំនួន ៣៣.១៨ភាគរយ នៃគម្រោងទាំងមូល។ មជ្ឈមណ្ឌលនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅ អំឡុងដើមខែសីហា ឆ្នាំ២០២៣ ដោយគ្រោងនឹងចំណាយថវិកាជាង ២,៣លានដុល្លារអាម៉េរិក។

បើតាមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង សូត ធ្លាប់បានលើកឡើងដែរថា កាបង្កើតមណ្ឌល សំចតជួយជនរងគ្រោះពីការជួញដូរឆ្លងដែននៅតាមច្រកព្រំដែនជាច្រើនកន្លែងពិតជាមានសារៈសំខាន់ណាស់និងបានចូលរួមចំណែកការងារសង្គមកិច្ច ក្នុងការទទួលមើលខុសត្រូវលើជនងាយរគ្រោះ។ ទន្ទឹមគ្នានេះ មជ្ឈមណ្ឌលនេះ ក៏នឹងរួមចំណែកជួយប្រជាពលរដ្ឋ ពិសេស ចំពោះពលករឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃចាប់ បញ្ជូនត្រឡប់មកវិញយ៉ាងគំហុកឱ្យមានកន្លែងស្នាក់នៅបានល្អប្រសើរ សមរម្យ និងមានសុខសុវត្ថិភាពជាងមុន៕
ដោយ៖ សែម ពិសី

ads banner