រដ្ឋបាលខេត្តបាត់ដំបង ថា ការចូលរួមក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ គឺជាលក្ខខណ្ឌតម្រូវស្តីពី “អនាម័យ និង សុវត្ថិភាពម្ហូបអាហារ”

ខេត្តបាត់ដំបង ៖ សិក្ខាសាលាស្តីពីវឌ្ឍនភាពការងារ ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តបាត់ដំបងឆ្នាំ២០២២ នឹងទិសដៅការងារអនុវត្ត ឆ្នាំ២០២៣ ត្រូវបានធ្វើឡើង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង, ឯកឧត្តម សយ អ៊ឹងអគ្គលេខាធិការរង នៃ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

ឯកឧត្តម អ៊ុយ សុធាវី បានថ្លែងថា៖ការយល់ដឹងពីសារៈសំខាន់ នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភគឺជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍មូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ។ ការបង្កើននូវចំណេះដឹងដល់សមាជិកក្រុមដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តបាត់ដំបង ដើម្បីឲ្យយល់ដឹងអំពីសារៈសំខាន់វិស័យនេះ វានិងជួយលើកស្ទួយសម្រាប់ការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ឲ្យចេះវិភាគនិងចាត់អាទិភាពវិស័យនេះ ទៅក្នុងដំណើរការកសាងផែនការរបស់មន្ទីរកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ-សង្កាត់ និងការកៀរគរធនធានថវិកា និងធនធានមនុស្ស ទាំងក្នុង និងក្រៅសហគមន៍ សម្រាប់លើកកម្ពស់វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ជាពិសេស អាហារប្រកបដោយសុខភាព សម្រាប់កុមារ ស្ត្រីបំបៅដោះកូនដោយទឹកដោះម្តាយ និងស្រ្តីមានផ្ទៃពោះ ។

លោកស្រី ឌិន ស៊ាងឡាយ តំណាងកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំកម្ពុជា បានឆ្លុះបញ្ចាំងពីការវិវត្តនៃស្ថានភាពអាហារូបត្ថម្ភ នៅកម្ពុជាថា៖ប្រៀបធៀប២០ឆ្នាំមុន ពីប្រទេសមានបញ្ហាអសន្តិសុខស្បៀង ឥឡូវក្លាយជាប្រទេសប្រទេសនាំស្បៀងចេញ ហើយពិន្ទុសន្ទស្សន៍នៃភាពអត់ឃ្លានបានធ្លាក់ចុះពី៤៣,៥%នៅឆ្នាំ២០២០មកត្រឹម២០,៦%នៅឆ្នាំ២០២០។ បញ្ហាក្រិសក្រិនកុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី៥០% នៅឆ្នាំ២០០០ មកត្រឹម ២២%នៅឆ្នាំ២០២២ ហើយអត្រាមិនគ្រប់ទម្ងន់បានធ្លាក់ចុះពី២៤%មកត្រឹម ១៦%។ ប៉ុន្តែអត្រាស្គមស្គាំងកុមារ អាយុក្រោម៥ឆ្នាំ មានតួលេខដដែល គឺ៩,៨% ចាបពីឆ្នាំ២០១៤រហូតមកដល់ឆ្នាំ២០២១។

ឯកឧត្តមវេជ្ជបណ្ឌិត សយ អ៊ឹង គូសបញ្ជាក់ថា៖សិក្ខាសាលានេះ មានគោលបំណងផ្តោតសំខាន់៖ ទី១.បង្កើនការយល់ដឹងនិងចូលរួមអនុវត្តន៍ នៃយុទ្ធសាស្ត្រជាតិ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើទី២ឆ្នាំ២០១៩-២០២៣នឹងជាពិសេសចូលរួមអនុវត្តទៅតាមផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០។ ទី២.ផ្សព្វផ្សាយសារលិខិតរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី៩ ថ្ងៃ៦ខែវិច្ឆិកាឆ្នាំ២០២២ ក្រោមប្រធានបទ៖ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ។ ទី៣. បង្ហាញពីសមិទ្ធផលការងារ និងបញ្ហាប្រឈមដែលបានអនុវត្តក្នុងឆ្នាំ២០២២ របស់កដសសអ ខេត្ត ។ ទី៤.រៀបចំផែនការសកម្មភាពរួម សម្រាប់អនុវត្ត ក្នុងឆ្នាំ២០២៣។

ឯកឧត្តម ក៏បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តកិច្ចសហការ និងចូលរួមជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដើម្បីយើងរួមគ្នា ” បញ្ចប់ភាពអត់ឃ្លានសម្រេចឲ្យបានសន្តិសុខស្បៀង ត្រូវរួមគ្នាធ្វើឲ្យប្រសើរឡើងស្ថានភាព និងការលើកកម្ពស់កសិកម្ម ប្រកបដោយចីរភាព “នៅកម្ពុជា ៕ អ៊ុក សំអាន

ads banner