ប្រេសិតពិសេសចិន៖ ការសន្ទនាគឺជាមធ្យោបាយជាក់ស្តែងតែមួយគត់ ដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន
អ.ស.ប៖ តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ លោក តៃ ពីង បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអំពីបញ្ហាអ៊ុយក្រែនថា ការសន្ទនា និងការចរចា គឺជាមធ្យោបាយប្រាកដនិយម និងអាចធ្វើទៅបាន ដើម្បីដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន។
លោក តៃ ពីង បានគូសបញ្ជាក់ថា ប្រទេសចិនសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះនឹងបន្តរក្សាភាពអត់ធ្មត់, ចូលរួមក្នុងការសន្ទនា និងប្តេជ្ញាចិត្តដោះស្រាយក្តីកង្វល់សន្តិសុខរួម តាមមធ្យោបាយនយោបាយ។
លោកថា សហគមន៍អន្តរជាតិគួរតែផ្តោតលើការលើកកម្ពស់កិច្ចចរចាសន្តិភាព, លើកទឹកចិត្តរុស្ស៊ី និងអ៊ុយក្រែនឱ្យវិលត្រឡប់ទៅរកការចរចាវិញ ក៏ដូចជាប្រមូលផ្តុំលក្ខខណ្ឌនៃបទឈប់បាញ់មុនកាលកំណត់ និងការបញ្ឈប់អរិភាព។
បើតាមលោក តៃ ពីង នៅក្នុងកិច្ចប្រជុំបើកចំហរស្តីពីអ៊ុយក្រែន ដែលបានធ្វើឡើងនៅក្នុងក្រុមប្រឹក្សាសន្តិសុខកាលពីសប្តាហ៍មុន ប្រទេសជាច្រើនបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៣នេះ គួរតែជាឆ្នាំនៃសន្តិភាព។ លោកថា នេះក៏ជាបំណងប្រាថ្នាដ៏ខ្លាំងរបស់ប្រទេសចិនផងដែរ។
ចិននឹងបន្តរក្សាគោលជំហរប្រកបដោយគោលបំណង និងមិនលំអៀង ហើយធ្វើការជាមួយប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់ ដើម្បីកសាងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែនដោយសន្តិវិធី៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា