រុស្ស៊ីពង្រីកបញ្ជីហាមឃាត់លើពលរដ្ឋ និងមន្រ្តីសហភាពអឺរ៉ុប ជាការឆ្លើយតបនឹងកញ្ចប់ទណ្ឌកម្មជុំទី៩

មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះថា រុស្ស៊ីបានពង្រីកបញ្ជីហាមឃាត់ការចូលក្នុងប្រទេសខ្លួន ទៅលើពលរដ្ឋ និងមន្ត្រីរបស់សហភាពអឺរ៉ុប (EU) ដើម្បីឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្មជុំទី៩ របស់អឺរ៉ុបប្រឆាំងនឹងទីក្រុងមូស្គូ។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដើម្បីឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់សហភាពអឺរ៉ុបនោះ រុស្ស៊ីបានពង្រីកបញ្ជីអ្នកតំណាងមកពីស្ថាប័នអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប ដែលត្រូវបានហាមឃាត់មិនឱ្យចូលទឹកដីរបស់រុស្ស៊ី។

បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ មន្ត្រីមកពីស្ថាប័នអនុវត្តច្បាប់របស់សហភាពអឺរ៉ុប ដែលពាក់ព័ន្ធនឹងការផ្តល់ជំនួយយោធាដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន, រដ្ឋាភិបាលអឺរ៉ុប និងរចនាសម្ព័ន្ធពាណិជ្ជកម្មដែលផ្គត់ផ្គង់សម្ភារៈយោធាដល់អ៊ុយក្រែន រួមទាំងប្រជាជនអឺរ៉ុបដែលបានចូលរួមក្នុងការលើកកម្ពស់មនោសញ្ចេតនាប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាសមាជិកម្នាក់ៗនៃសភាអឺរ៉ុប ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីហាមឃាត់នេះ។

សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មជុំទី៩ប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃទី១៦ ខែធ្នូកន្លងមកទៅ។ ទន្ទឹមគ្នា សហភាពអឺរ៉ុបបានបញ្ជាក់ថា ការដាក់ទណ្ឌកម្ម គឺសំដៅបង្កើនសម្ពាធរួមលើរុស្ស៊ី ឱ្យបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួន និងដកទ័ពចេញពីអ៊ុយក្រែន។ ប៉ុន្តែរុស្ស៊ីបានហៅទណ្ឌកម្មចុងក្រោយនេះថា “ខុសច្បាប់”៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner