សម្តេចតេជោពិនិត្យវឌ្ឍនភាពសំណង់មន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលជាមន្ទីរពេទ្យធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា (Video Inside)
សម្តេចនាយករដ្ឋមន្ត្រី នឹងអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» និងសំណេះសំណាលជាមួយកម្មករសំណង់ នៅថ្ងៃព្រហស្បតិ៍នេះ ។ សំណង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលនឹងក្លាយជាមន្ទីរពេទ្យ ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅសង្កាត់គោករកា, ខណ្ឌព្រែកព្នៅជាយរាជធានីភ្នំពេញ។ សម្តេចតេជោត្រៀមនឹងជួបសំណេះសំណាលជាមួយកម្មករសំណង់ប្រមាណ១ពាន់ ២០០ នាក់ ដែលបានធ្វើការនៅក្នុងការដ្ឋានសំណង់របស់មន្ទីរពេទ្យនេះថែមទៀត។
សំណង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» បន្ទាប់ពីសាងសង់រួចហើយ នឹងមានបន្ទាប់អគារ សម្រាកព្យាបាលនិងសង្គ្រោះបន្ទាន់, អគារសម្រាកព្យាបាលកម្រិតធ្ងន់ដែលមានគ្រែសរុប ចំនួន៥២៧គ្រែ។ អគារថ្មីនេះ ក៏រួមមានកន្លែងសម្រាកព្យាបាលកម្រិតស្រាលដែលមាន គ្រែ ចំនួន ៩ពាន់៤៩៦គ្រែ, គ្រែបុគ្គលិកពេទ្យប្រចាំការចំនួន៤៦គ្រែ និងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ។
ក្នុងបរិវេណមន្ទីរពេទ្យនេះ នឹងមានចំណតរថយន្តទំហំ៧ពាន់២៦ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន២១០គ្រឿង, សួនច្បារទំហំ៤ពាន់៤៩០ម៉ែត្រការ៉, អគារផ្គត់ផ្គង់និង ព័ត៌មានទំហំ២ពាន់៨៣៥ ម៉ែត្រការ៉េ និងអគារស្នាក់នៅសម្រាប់បុគ្គលិកដែលមានគ្រែសរុប ចំនួន ២៣៤គ្រែ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និង ដាក់ឲ្យដំណើរការជាផ្លូវការនៅខែមិថុនាឆ្នាំ២០២៣។