ពលរដ្ឋ ៨គ្រួសារ រស់នៅជាប់នឹងសណ្តរស្ទឹងព្រែកត្នោត បានទទួលអំណោយសម្តេចទាំងទ្វេ ក្រោយផ្ទះពួកគាត់បានបាក់ចូលទឹកស្ទឹងអស់

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៨ មករា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលឯកឧត្តម លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនប្រជាពលរដ្ឋ ៨គ្រួសារ ដែលនៅជាប់សណ្តរស្ទឹងព្រែកត្នោត ស្មើ ០៥ខ្នងផ្ទះ បានលិចចូលក្នុងទឹកស្ទឹង ដោយការស្រុតដី ដើម្បីដោះស្រាយការលំបាកមួយចំនួន ។

ផ្ទះចំនួន ០៥ខ្នងនេះ មានប្រជាពលរដ្ឋរស់នៅទាំងម្ចាស់ផ្ទះពិត និងផ្ទះជួលចំនួន ៨គ្រួសារ ហើយក្នុងចំនួន ៨គ្រួសាេនេះ មួយគ្រួសារទទួលបានអង្ករ ១បាវ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយ ខ្នើយ តង់ កន្ទេល សម្ភារៈផ្ទះបាយមួយឈុតនិងថវិកាចំនួន៥០ម៉ឺនរៀល ។

នេះជាការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ទៅតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពោលគឺខណៈទទួលបាន ព័ត៌មានថា មានប្រជាពលរដ្ឋរងគ្រោះដោយផ្ទះរបស់ពួកគាត់បាក់ចូលទឹកស្ទឹងនោះ ឯកឧត្តម ឃួង ស្រេង ក៏បានចុះមកសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្តេចទាំងទ្វេមកប្រគល់ជូនភ្លាមៗតែម្តង ។

គួរបញ្ជាក់ថា៖ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី១៨ មករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នងស្មើនឹង ៨គ្រួសារ បានលិចចូលក្នុងស្ទឹងព្រែកត្នោត ដោយការបាក់ស្រុតដី នៅច្រាំងស្ទឹង ហើយអ្វីដែលសំខាន់ពួកគាត់មិនអាចប្រមូលអីវ៉ាន់ និងសម្ភារៈចំបាច់ បានទាន់ពេលនោះទេ ពោលគឺសម្ភារៈ និងរបស់របរ នៅជាប់ក្នុងផ្ទះ ត្រូវលិចចូលទៅក្នុងស្ទឹងបាត់ទាំងអស់ ៕ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner