ជើងខ្លាំងកម្ពុជានិងថៃទម្លាយបទពិសោធន៍នៅពេលប៉ះគ្នាក្នុងការប្រកួត Off Road នៅទីលាន១២ម៉ូទ័រផាក
(ភ្នំពេញ)៖ កីឡាករជើងខ្លាំងៗកម្ពុជា ថៃ ដែលជាម្ចាស់ជ័យលាភី ក្នុងការប្រកួតរថយន្ត Off Road បានចែករំលែកបទពិសោធន៍រៀងៗខ្លួន ក្រោយបញ្ចប់ការប្រណាំងនៅទីលានកម្រិតស្តង់ដាអន្តរជាតិ ១២ ម៉ូទ័រផាក ខេត្តមណ្ឌលគិរីកន្លងទៅ ។
កីឡាករ Praseth ដែលជាម្ចាស់ពានមាស Off Road ទីលាន១២ ម៉ូទ័រផាក បានបង្ហាញអារម្មណ៍រីករាយថា ការចូលរួមប្រកួតខេត្តមណ្ឌលគីរីនេះ ក្រុមលោកពិតជាបានទទួលនូវភាពកក់ក្តៅ សេចក្តីស្រលាញ់រាប់អានពីកីឡាករកម្ពុជា។ កីឡាករថៃចាស់វស្សា រូបនេះ បន្តថា ការរៀបចំនៅទីលានប្រណាំង១២ម៉ូទ័រផាក គឺពិតជាស័ក្តិសមសម្រាប់កីឡាប្រណាំងយានយន្ត ដោយសារទីលាននេះ មានលក្ខណធម្មជាតិច្រើន មិនសូវកែច្នៃ មានសណ្ឋានផ្លូវ គ្រហក់ ភក់ ជ្រលង ចម្រាក់ថ្ម ដែលរថយន្ត Off Road នីមួយៗមិនងាយនឹងបើកបរឆ្លងកាត់ស្រួលនោះទេ។ កីឡាករវ័យ៦១ឆ្នាំ បានបន្ថែមថា ខ្ញុំនៅតែមានឆន្ទៈចូលរួមប្រកួតមិនរួញរា និងបង្ហាញពីសមត្ថភាពយ៉ាអស្ចារ្យរហូតដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្លាយជាម្ចាស់ពាន Hard Core ដែលជាក្រុមមានកីឡាករខ្លាំងៗជាច្រើនរូប។
រីឯម្ចាស់ពានលេខ២ កីឡាករ ឡយ ភាល័យ បានឱ្យដឹងថា ការប្រកួតនេះ ពិតជាបានផ្តល់នូវបទពិសោធន៍ថ្មីច្រើន ពីកីឡាករខ្លាំងៗមកពីថៃ និងរៀមច្បងក្នុងវិស័យកីឡា Off Road នៅកម្ពុជា ដោយបានយកអស់ពីកម្លាំងកាយចិត្ត ប៉ុន្តែដោយសារមានកំហុសបច្ចេកទេសខ្លះៗ ទើបត្រូវបានគណៈកម្មការរៀបចំការប្រកួតកាត់ពិន្ទុ ទទួលបានត្រឹមចំណាត់លេខ២។ អ្នកបើកបរ មកក្រុម Camcar រូបនេះ បានបង្ហាញអារម្មណ៍សោកស្ដាយ ដែលមិនអាចទទួលបានលេខ១។ ប៉ុន្តែទោះជាយ៉ាងណា កីឡាករ ភាល័យ បានប្ដេជ្ញាថា នឹងប្រឹងប្រែងធ្វើឱ្យបានល្អជាងនេះ ក្នុងការប្រកួតលើកក្រោយៗទៀត ដោយស្វែងរក នូវចំណុចខ្វះខាត ពង្រឹងភាបខ្លាំង ត្រៀមដណ្តើមពានអោយបាន កុំឱ្យអ្នកគាំទ្រខកបំណង»។
កីឡាករមកពីក្រុម VKH Racing វង្ស គឹមហួត ក៏មានចិត្តសប្បាយរីករាយ ចំពោះការចូលរួមប្រកួតនៅទីលានកម្រិតស្តង់ដាអន្តរជាតិ ១២ ម៉ូទ័រផាក ដែលជាទីលានធំជាងគេនៅកម្ពុជា បានរៀបចំការប្រកួតកីឡាយានយន្ត សន្តិភាព មណ្ឌលគីរី ឆ្នាំ២០២៣ មានកីឡាករជាតិ និងអន្តរជាតិខ្លាំងៗចូលរួមច្រើន។ កីឡាករពោរពេញដោយបទពិសោធន៍រូបនេះ បន្តថា គណកម្មការបានរៀបចំ ការប្រកួតដោយបានផ្តល់ឪកាសអោយកីឡាករខ្លាំងៗ ក្នុង Class A , Class B បានបញ្ចេញសមត្ថភាពយ៉ាងស្វិតស្វាញលើទីលានមួយនេះ។ ចំនែកឯកីឡាករមានបទពិសោធន៍តិចតួច នៅ Class C (Overland) ក៏បានប្រកួតដកស្រង់បទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពជាមួយនឹងភាពសប្បាយរីករាយផងដែរ។
កីឡាករ វង្ស គឹមហួត បានអោយដឹងទៀតថា គណកម្មការរៀបចំការប្រកួត មានភាពម៉ឺងម៉ាតកាត់សេចក្តីដោយភាពយុត្តិធម៌ សុក្រឹតភាព ស្មើៗគ្នាលើគ្រប់ Class នីមួយៗ ធ្វើអោយការប្រកួតបញ្ចប់ដោយជោគជ័យ។ កីឡាករកម្ពុជាធ្លាប់ឆ្លងកាត់សមរភូមិប្រកួតច្រើនដងរូបនេះ បានបញ្ជាក់ថា ការប្រកួតនេះ ទទួលបានបទពិសោធន៍កាន់តែច្រើន ហើយលោកប្ដេជ្ញាថា នឹងប្រឹងប្រែងធ្វើអោយបានល្អ ដើម្បីតបស្នងនូវការគាំទ្រ ក្នុងវិស័យកីឡា Off Road និងបានលើកទឹកចិត្តដល់យុវជន ដែលមានចំណូលចិត្តចង់ចូលរួមក្នុងវិស័យនេះ ប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍសមត្ថភាពអោយល្អប្រសើរ ជាមួយនឹងទីលានស្តង់ដា នៅខេត្តមណ្ឌលគិរី និងធំជាងគេនៅកម្ពុជា គឺទីលាន ១២ ម៉ូទ័រផាក ។
គួរបញ្ជាក់ថា ការប្រកួតរថយន្ត Off Road មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ ក្នុងនោះចំណាត់ថ្នាក់ក្រុម Hard Core (Class A) រួមមាន៖ ចំណាត់ថ្នាក់លេខ១ កីឡាករថៃ Praseth Anuwet ក្រុម ក្រុម Start 4WD , លេខ២ កីឡាករកម្ពុជា ឡយ ភាល័យ មកពីក្រុម Camcar , លេខ៣ កីឡាករកម្ពុជា វង្ស គឹមហួត មកពីក្រុម VKH Rising , លេខ៤ កីឡាករកម្ពុជា ហ៊ុន និត មកពីក្រុម BM និងលេខ៥ បានទៅកីឡាករថៃ Puwadon Kriatsongsuk ក្រុម Start 4WD ៕
ចាន់ វិចិត្រ