រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រៀមខ្លួនជានិច្ចក្នុងការបន្ត កិច្ចសហការ ជាមួយឯកអគ្គរដ្ឋទូតថ្មីដែលបន្តពីឯកឧត្តមដែលបានបញ្ចប់ការងារទូតនៅកម្ពុជា
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ចូលជួបជម្រាបលា នាឱកាសដែលឯកឧត្តម បញ្ចប់បេសកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ចំពោះបេសកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា។ ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានសម្តែងនូវសេចក្ដីរីករាយ និងគាំទ្រចំពោះលទ្ធផលផ្លៃផ្កាជាច្រើន នៅក្នុងអាណតិ្តការងាររបស់ឯកឧត្តម ដែលបានបំពេញរយៈពេលកន្លងទៅ រហូតមកដល់ពេលនេះ។ ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានសម្តែងការយល់ឃើញថា តាមរយៈលទ្ធផលទាំងនោះ ពិតជាបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ឥណ្ឌូនេស៊ី ក៏ដូចជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរួមនៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ។
សម្ដេចក្រឡាហោម ក៏បានជម្រាបជូនឯកឧត្តម ថា កម្ពុជា ទើបតែបញ្ចប់តួនាទីរបស់ខ្លួនជាប្រធានប្ដូរវេនអាស៊ាន ក្នុងឆ្នាំ២០២២ តាមរយៈកិច្ចប្រជុំនេះ ក៏បានចូលរួមចំណែក ពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ឥណ្ឌូនេស៊ី ផងដែរ។ ជាងនេះទៀត សម្ដេចក្រឡាហោម ក៏សូមយកឱកាសនេះចូលរួមអបអរសាទរចំពោះឥណ្ឌូនេស៊ី ដែលទទួលតួនាទីជាប្រធានប្ដូរវេនអាស៊ាន បន្ដពីប្រទេសកម្ពុជា។
សម្ដេចក្រឡាហោម បានលើកឡើងផងដែរថា តាមរយៈជំនួបពិភ្សាការងារកន្លងមករវាង សម្ដេច ជាមួយលោកជំទាវ រដ្ឋមន្ដ្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ភាគីទាំងពីរក៏បានឯកភាពជំរុញដល់ការពិភាក្សាទៅលើសេចក្ដីព្រាង MOU ដែលបង្កើតជាក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការចំពោះ សន្ដិសុខ ជាពិសេស គឺការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ សម្ដេច បានសង្ឃឹម និងជឿជាក់ថា នាពេលឆាប់ៗខាងមុខ ក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ នឹងជជែងពិភាក្សាទៅលើកិច្ចការងារនេះ បន្ទាប់ពីសម្រេចនូវការងារទាំងស្រុងនាពេលខាងមុខ។ MOUនេះនឹងបម្រើដល់ផលប្រយោជន៍រួមយ៉ាងច្រើនទៅដល់ប្រទេសទាំងពីរ ជាពិសេស គឺការពារនូវផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ គឺកម្ពុជា និងឥណ្ឌូនេស៊ី។
សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូត ថា រហូតមកដល់ពេលនេះ រយៈពេលប្រមាណជាច្រើនឆ្នាំមកហើយ គឺរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែដំណើរការកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការនៅព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមក កម្ពុជា ក៏ធ្លាប់បានបញ្ជូនមន្ដ្រីដើម្បីទៅទស្សនកិច្ចសិក្សា ដកបទពិសោធន៍ អំពីការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ពីសាធារណៈរដ្ឋឥណ្ឌូនេស៊ីផងដែរ។ ក្នុងន័យនេះ សម្ដេចក្រឡាហោម បានលើកទឹកចិត្តដល់ភាគីទាំងពីរក្នុងការបន្ដពិនិត្យ និងពិភាក្សា លើការចែករំលែងបទពិសោធន៍គ្នាទៅវិញ ទៅមក ពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ សំដៅធ្វើយ៉ាងណាទទួលបានបទពិសោធន៍ថ្មីៗ ល្អៗ ដើម្បីពង្រឹងនូវប្រសិទ្ធិភាព នៃការគ្រប់គ្រងរដ្ឋបាលដែនដី ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ជាការឆ្លើយតបឯកឧត្តម ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ចំពោះការវាយតម្លៃ លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ហើយក៏សូមថ្លែងអំណរគុណចំពោះការគាំទ្រដល់កិច្ចការងាររបស់ឯកឧត្តម ក្នុងអាណត្តិការងាររបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ក៏បានលើកឡើងនូវវឌ្ឍនភាពរបស់កម្ពុជានាពេលកន្លងមក ដោយ ឯកឧត្តម សូមធ្វើការវាយតម្លៃជារួមនូវវឌ្ឍនភាព ជាប្រទេសដែលមានសុខសន្តិភាព ដែលនេះគឺជាកត្តាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសដើម្បីសម្រេចបាននូវគោលដៅដែលរដ្ឋាភិបាលបានដាក់ចេញ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
ឯកឧត្តម ក៏បានលើកឡើងដែរថា នៅក្នុងពេលបំពេញការងារនៅប្រទេសកម្ពុជា ឯកឧត្តមទទួលបានអនុស្សាវរីយ៍ល្អៗ ជាច្រើន ហើយក៏ទទួលបាននូវកិច្ចសហប្រតិបត្តិការល្អ ជាច្រើនពីក្រសួង ស្ថាប័នពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាអ្វីដែលឯកឧត្តមចងចាំ ហើយឯកឧត្តម សង្ឃឹមថា នឹងបានវិលត្រឡប់មកកាន់កម្ពុជាវិញ ក្នុងឱកាសណាមួយ នៅពេលអនាគតខាងមុខ។
ជាការឆ្លើយបត សម្តេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណចំពោះការវាយតម្លៃ និងពាក្យពេចន៍ប្រកបដោយការលើកទឹកចិត្តរបស់ឯកឧត្តម មកលើកម្ពុជា សម្តេចផ្ទាល់ត្រៀមខ្លួនជានិច្ចក្នុងការបន្តនូវកិច្ចសហការ ជាមួយឯកអគ្គរដ្ឋទូតថ្មីដែលបន្តពីឯកឧត្តម ក្នុងនោះសម្តេចក្រឡហោម ក៏សូមជូនពរ ដល់ឯកឧត្តមសូមទទួលបានជោគជ័យ ក្នុងពេលដែលបំពេញបេសកកម្មបន្តនាពេលខាងមុខ ៕ដោយ-រ៉ាវុធ