គ.ជ.ប ជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតចំនួន១៧៥ រូបសម្រាប់ការបម្រើ ការបោះឆ្នោតឆ្នាំ ២០២៣
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំ ការបោះឆ្នោត (គធ.ខប)ទាំង២៥ចំនួនសរុប១៧៥ រូប ដែល បានប្រឡងជាប់ក្នុងចំណោមបេក្ខជនចូលរួមប្រឡងសរុបចំនួន ៣៩១ នាក់ ក្នុងនោះមានស្រ្តីចំនួន ៥៤ នាក់ សម្រាប់ បម្រើឱ្យ ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ដែលទើបបង្កើតថ្មី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី ១៨ ខែមករា បញ្ជាក់ថា សមាសភាពដែលប្រឡងជាប់សម្រាប់ រាជធានី ខេត្តនីមួយៗមានចំនួនប្រាំពីររូប ដោយឆ្លង កាត់ វិញ្ញាសាប្រឡងសំណួរសរសេរ-QCM និងសម្ភាសន៍ចំណេះ ដឹងទូទៅទាក់ទងនឹងការបោះឆ្នោត។ការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៣៩១ នាក់ ក្នុងនោះមានស្រ្តីចំនួន ៥៤ នាក់។
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងនិងចាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា ក្នុងចំណោមសមាសភាពគណៈ កម្មការ ខេត្តរៀបចំការបោះឆ្នោត ទាំង ១៧៥ រូប នឹងត្រូវចូលបម្រើ ការងាររៀបចំការបោះឆ្នោតក្នុងខេត្តចំនួនបី រួមមាន ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។
ឯកឧត្តមបន្តថា មន្រ្តីទាំងនេះចូលបម្រើការងារចាប់ពីថ្ងៃទី១៩ ខែមករា នេះ សម្រាប់រៀបចំការបោះឆ្នោតលើកទី១ (ការបោះ ឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង អរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គី មុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃ ខេត្តក្រចេះ ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ៖ «សមាសភាពគណៈ កម្មការរៀបចំការបោះឆ្នោត ,គ.ជ.ប ត្រូវតែងតាំងមុនគេ ដើម្បីរដំណើការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកថ្មីដែលរាជរដ្ឋាភិបាលទើបបង្កើតឡើងនាពេលកន្លងមកថ្មីៗនេះ និងបន្តទៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ បន្ថែមទៀត»។
លោកបន្តថា ដោយឡែក សមាសភាពគណៈកម្មការរៀបចំការ បោះឆ្នោត សម្រាប់ ២២ រាជធានី ខេត្ត ទៀត នឹងត្រូវតែងតាំង ឱ្យចូលបំពេញភារកិច្ចចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា គ.ជ.ប នឹងរៀចំការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា សម្រាប់ក្រុងដែលទើបង្កើតថ្មីនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី ៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ៕
ដោយ៖យុទ្ធ វីរៈ