ទេសាភិបាលធនាគារជាតិ៖កម្ពុជា បានពង្រឹង និងបំពេញបាន លក្ខខណ្ឌជាច្រើន ចំពោះការប្រឆំាងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ភ្នំពេញ៖ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ធនាគារ ជាតិនៃកម្ពុជា ដែលមានសមាជិក-សមាជិកាចូលរួម ជាង ៣០០នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា បានពង្រឹង និងបំពេញបានលក្ខខណ្ឌជាច្រើន ចំពោះ ការប្រឆំាងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តាមរយៈការអនុវត្តមុខងារ និងភារកិច្ចរបស់អង្គភាព ស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ។
ឯកឧត្តម ជា ចាន់តូ បានលើកឡើងថា នៅឆ្នាំ២០២២ ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ និងបំពេញតួនាទីជាប្រធាន កិច្ច ប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ។ ធនាគារជាតិនៃកម្ពុជា ក៏បានបំពេញតួនាទីជាប្រធានកិច្ច ប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន និង សហប្រធានកិច្ចប្រជុំរួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន និងអាស៊ាន+៣ ព្រមទាំងកិច្ចប្រជុំ ពាក់ព័ន្ធនានា ដោយបានរួមចំណែកលើកកម្ពស់សមាហរណ កម្ម ហិរញ្ញវត្ថុតំបន់ឱ្យកាន់តែស៊ីជម្រៅ រក្សាស្ថិរភាពនិងជំរុញ បរិយាបន្នអាស៊ាន លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុតំបន់ និងពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ឱ្យកាន់តែរឹងមាំ ។
ឯកឧត្តម បន្តថា បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជាក្លាយជា ប្រធានក្រុមប្រឹក្សាភិបាលនៃទេសាភិបាលស៊ាសិន (BOG) នៅឆ្នាំ២០២៣ ដើម្បីដឹកនាំគោលនយោបាយពង្រឹងសមត្ថភាព ធនធានមនុស្ស និងការស្រាវជ្រាវនៅក្នុងតំបន់ឱ្យកាន់តែប្រសើរ ឡើង ។
ឯកឧត្តម ទេសាភិបាល បានបញ្ជាក់ថា កកម្ពុជា បានពង្រឹងនិង បំពេញបានលក្ខខណ្ឌជាច្រើនចំពោះការប្រឆំាងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម តាមរយៈការអនុវត្តមុខងារនិង ភារកិច្ច របស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ។ ការពង្រឹងក្របខ័ណ្ឌនិងការអនុវត្តច្បាប់និងបទប្បញ្ញតិ្ត និងការពង្រីកវិសាលភាពនៃសហប្រតិបត្តិការជាមួយអាជ្ញាធរនិងភាគីពាក់ព័ន្ធទាំងក្នុងស្រុកនិងអន្តរជាតិ បាននិងកំពុង បង្កើនប្រសិទ្ធភាពប្រឆំាងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដើម្បីធានាថា កម្ពុជាមិនមែនជាគោលដៅនៃបទល្មើស សម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនោះទេ ។
ឯកឧត្តម ជា ចាន់តូ បានថ្លែងថា លទ្ធផលគួរជាទីមោទនៈ ដែលយើងសម្រេចបាននាឆ្នាំ២០២២ ជាសមិទ្ធផល ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នា ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ មន្ត្រីធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ទាំងអស់ ដែលបានរួមចំណែកសម្រេចបានសមិទ្ធផល សំខាន់ៗជាបន្តបន្ទាប់ សម្រាប់ការរីកចម្រើនរបស់វិស័យ ធនាគារ ក៏ដូចជាសេដ្ឋកិច្ចទាំងមូល ៕ ដោយ៖ វ៉េង លីមហួត