នាយករដ្ឋមន្រ្តីនូវែលសេឡង់ប្រកាសចុះចេញពីតំណែងនៅខែក្រោយ

នូវែលសេឡង់៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌើន បានប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃ ព្រហស្បតិ៍នេះថា លោកស្រីមិនមានកម្លាំងនឹងបន្តដឹកនាំ ប្រទេសទៀតនោះទេ ហើយនឹងចុះចេញពីតំណែងនៅដើម ខែកុម្ភៈក្រោយ ដោយមិនស្វែងរកការបោះឆ្នោតឡើងវិញ។

លោកស្រី អាឌើន ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទ ទាំងខំទប់ទឹកភ្នែកថា វាជាការលំបាករយៈពេល ប្រាំឆ្នាំកន្លះ មកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី។ លោកស្រីនិយាយថា៖ «ការដឹកនាំប្រទេសគឺជាការងារដែលមានឯកសិទ្ធិបំផុតដែលគ្រប់គ្នាអាចមាន ប៉ុន្តែក៏ជាការងារលំបាកបំផុតផងដែរ។ អ្នកមិនអាច និងមិនគួរធ្វើការងារនេះនោះទេ លុះត្រាតែអ្នក មានកម្លាំងទឹកចិត្តពេញលេញ និងត្រៀមខ្លួមសម្រាប់បញ្ហា ប្រឈមដែលមិនបានគ្រោង ឬរំពឹងទុក។ ខ្ញុំលែងមាន កម្លាំង ដើម្បីបន្តការងារទៀតហើយ»។

អ្នកនយោបាយវ័យ ៤២ ឆ្នាំរូបនេះ បានបន្តថា ៖ «ខ្ញុំដឹងថានឹង មានការពិភាក្សាជាច្រើនបន្ទាប់ពីការសម្រេចចិត្តនេះ អំពីអ្វីជា «ហេតុផល» ពិតប្រាកដ។ មុំគួរឱ្យចាប់អារម្មណ៍តែមួយ គត់ដែលអ្នកនឹងរកឃើញគឺថា បន្ទាប់ពីឆ្លងកាត់ប្រឈមមុខនឹង បញ្ហាធំមួយចំនួនអស់រយៈពេលប្រាំមួយឆ្នាំមកខ្ញុំគឺជាមនុស្សដូចគេដូចឯងដែរ។ អ្នកនយោបាយ ក៏ជាមនុស្ស»។

លោកស្រី អាឌើន បានគូសបញ្ជាក់ផងដែរថា លោកស្រីមិន ចុះចេញពីតំណែងដោយសារការងារនេះពិបាកទេ ប៉ុន្តែដោយ សារតែលោកស្រីជឿថាមានអ្នកដទៃអាចធ្វើការងារនេះបានល្អជាង។ លោកស្រីគម្រោងថានឹងចំណាយពេលជាមួយគ្រួសារឱ្យបានច្រើនជាងមុន ហើយនឹងរៀបការជាមួយគូរដណ្ដឹងដែលភ្ជាប់ ពាក្យតាំងពីឆ្នាំ ២០១៩ របស់លោកស្រី។
ការប្រកាសរបស់ លោកស្រី អាឌើន ធ្វើឡើងនៅពេលដែល លោកស្រី និងគណបក្សការងាររបស់លោកស្រី ហាក់ដូចជា ប្រឈមមុខនឹងយុទ្ធនាការបោះឆ្នោតដ៏លំបាកនៅខែតុលាឆ្នាំនេះ។ ខណៈគណបក្សការងារឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីឡើងវិញនៅឆ្នាំ ២០២០ ដែលជាអាណត្តិទី២របស់លោកស្រី អាឌើន ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា សន្ទុះនៃការគាំទ្របក្សស្ថិត នៅ ក្រោមគូប្រជែងរបស់ខ្លួន។
គួររំឭកថា លោកស្រី អាឌើន ឡើងធ្វើជានាយករដ្ឋមន្រ្តីនៅឆ្នាំ ២០១៧ ក្នុងវ័យ ៣៧ ឆ្នាំ ដែលធ្វើឱ្យលោកស្រីក្លាយជា មេដឹកនាំ ស្ត្រីទី៣របស់នូវែលសេឡង់ និងជាមេដឹកនាំវ័យ ក្មេងបំផុតមួយនៅលើពិភពលោក។ លោកស្រី អាឌើន បានទទួលការសរសើរនៅទូទាំងពិភពនយោបាយ សម្រាប់ការគ្រប់គ្រងជំងឺកូវីដ-១៩ ដែលជួយឱ្យនូវែល សេឡង់រួចផុតពីការរាលដាល និងការស្លាប់យ៉ាងធ្ងន់ធ្ងរដូច នៅប្រទេសផ្សេងទៀត។ លោកស្រី ក៏ទទួលបានការចូល ចិត្តនៅឆាកនយោបាយអន្តរជាតិចំពោះវិធីសាស្រ្តថ្មី និងការយល់ចិត្តរបស់លោកស្រីចំពោះតួនាទីនេះ។

ជាការកត់សម្គាល់ប្រជាប្រិយភាពរបស់លោកស្រី អាឌើន បានធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារអតិផរណាបាន កើន ឡើងដល់កម្រិតខ្ពស់ជិត៣ទសវត្សរ៍ ខណៈធនាគារកណ្តាល បាន បង្កើនអត្រាការប្រាក់យ៉ាងខ្លាំងក្លា ហើយឧក្រិដ្ឋកម្មក៏ កើនឡើង។ មិនត្រឹមតែប៉ុណ្ណេះ គេក៏ឃើញមានការបែកបាក់ ផ្នែកនយោបាយកាន់តែខ្លាំងឡើងលើបញ្ហាដូចជា ការរុះរើ របស់រដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធទឹក និងការដាក់ឱ្យ ប្រើប្រាស់នូវកម្មវិធីទាក់ទងនឹងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យកសិកម្មជាដើម៕
ដោយ៖ហួន ឌីណា
ប្រភព៖ New Zealand leader Jacinda Ardern to resign before upcoming election

ads banner