សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា បន្តងើបឡើងក្នុងអត្រា ៥,១% ខ្ពស់ជាង ឆ្នាំ២០២១ ដែលគាំទ្រដោយការនាំចេញ និងប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថ្លែងថា កម្ពុជា សេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា បន្តងើបឡើងក្នុងអត្រា ៥,១% ខ្ពស់ជាងឆ្នាំ២០២១ ដែលគាំទ្រដោយការនាំចេញ ជាពិសេស វិស័យវាយនភណ្ឌ ភាពប្រសើរឡើងជាលំដាប់ នៃវិស័យសេវាកម្ម និងប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បើទោះបីជាវិស័យកសិកម្ម សំណង់ និងអចលនទ្រព្យកើនទាបក៏ដោយ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា និងក៏ដើម្បីអបអរសាទរលទ្ធផល ដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន និងដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ សំដៅសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដែលមានសមាជិក-សមាជិកាចូលរួមប្រមាណ ៣២០នាក់ ។
ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា នាឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោក បានបន្តងើបឡើងដោយសារភាពធូរស្រាលនៃការរាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែបញ្ហាប្រឈមមួយចំនួននៅតែបន្តមាន ដូចជា៖ ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ដោយសារវិធានការបិទខ្ទប់នៅប្រទេសចិន និងការផ្ទុះឡើងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបានបង្កើនថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ និងវត្ថុធាតុដើម ។ ការអូសបន្លាយនៃសង្គ្រាមបានធ្វើឱ្យអតិផរណាពិភពលោកកើនឡើងយ៉ាងឆាប់រហ័សដល់ ៨,៨% ។ នៅសហរដ្ឋអាមេរិក អតិផរណាបានកើនឡើងដល់អត្រា ៩,១% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ទសវត្សរ៍ចុងក្រោយ ។ ដើម្បីប្រឆាំងអតិផរណា ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់គោលយ៉ាងគំហុកលឿនជាងការរំពឹងទុក ដែលបានបណ្តាលឱ្យមូលធនហូរចូលសហរដ្ឋអាមេរិក ហើយបង្កឱ្យប្រាក់ដុល្លារអាមេរិកឡើងថ្លៃ និងភាពរឹតត្បិតនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ។ ក្នុងស្ថានភាពនេះ ធនាគារកណ្តាលផ្សេងទៀត បានប្រឈមនឹងបញ្ហាចម្បងយ៉ាងហោច ៣ គឺ i/-កម្រិតខ្ពស់នៃអតិផរណា ii/-លំហូរចេញនៃមូលធន និង iii/-ការធ្លាក់ថ្លៃរូបិយប័ណ្ណរបស់ខ្លួន ។ ជាក់ស្តែង អត្រាអតិផរណាកើនឡើងដល់ ៨,៦% នៅប្រទេសអង់គ្លេស ៧,៣% នៅអាល្លឺម៉ង់ ៦,២% នៅបារាំង ៧% នៅឥណ្ឌា និង ៦,១% នៅថៃ ។ ប្រាក់យេនជប៉ុនបានធ្លាក់ថ្លៃ -២៣% ផោនអង់គ្លេស -១៨% ប្រាក់អឺរ៉ូធ្លាក់ថ្លៃ -១៦% និងរូបិយប័ណ្ណក្នុងតំបន់អាស៊ាន ដូចជា ប្រាក់បាតថៃបានធ្លាក់ថ្លៃ -១១% និងរីងហ្គីតម៉ាឡេស៊ី -៨% ជាដើម ។ កត្តាទាំងនេះបានបង្អាក់សន្ទុះកំណើនសេដ្ឋកិច្ច ដែលមានន័យថា កំណើនមានកម្រិតទាប អត្រាគ្មានការងារខ្ពស់ ហើយអតិផរណាស្ថិតក្នុងកម្រិតខ្ពស់ ។ ជាការឆ្លើយតប ធនាគារកណ្តាលភាគច្រើនបានដំឡើងអត្រាការប្រាក់គោល ដើម្បីបន្ថយតម្រូវការ និងធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់តាមរយៈការលក់ប្រាក់ដុល្លារអាមេរិក ដើម្បីស្រូបយករូបិយប័ណ្ណរបស់ខ្លួនពីសេដ្ឋកិច្ចសំដៅបន្ថយការធ្លាក់ចុះថ្លៃរូបិយប័ណ្ណ ។ ជាលទ្ធផល ទុនបម្រុងអន្តរជាតិនៅប្រទេសដែលអន្តរាគមន៍ក្នុងទំហំច្រើនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដូចជា នៅប្រទេសអង់គ្លេសធ្លាក់ចុះ -១៩% ឥណ្ឌា -១៧% ជប៉ុន -១២% និងកូរ៉េ -១០% ។
ឯកឧត្តម ទេសាភិបាល បានបញ្ជាក់ថា នៅកម្ពុជា សេដ្ឋកិច្ច ត្រូវបានប៉ាន់ស្មានថាបន្តងើបឡើងក្នុងអត្រា ៥,១% ខ្ពស់ជាងឆ្នាំ២០២១ ដែលគាំទ្រដោយការនាំចេញ ជាពិសេស វិស័យវាយនភណ្ឌ ភាពប្រសើរឡើងជាលំដាប់នៃវិស័យសេវាកម្ម និងប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បើទោះបីជាវិស័យកសិកម្ម សំណង់ និងអចលនទ្រព្យកើនទាបក៏ដោយ ។ ការងើបឡើងនៃកំណើន បន្តសម្រេចបានគឺដោយសារការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលនិងភាពរឹងមាំនៃទំនុកចិត្តរបស់វិនិយោគិន ។ ជាមួយគ្នានេះ វិធានការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលត្រូវបានដាក់ចេញជាបន្តបន្ទាប់ គួបផ្សំនឹងការបន្ធូរបន្ថយបទប្បញ្ញត្តិក្នុងវិស័យធនាគារ បានជួយគាំទ្របន្ថែមទៀតដល់សន្ទុះកំណើន និងកាត់បន្ថយប៉ះពាល់រយៈពេលមធ្យមនិងវែងនៃវិបត្តិ ។
ឯកឧត្តម ក៏បានរំលេចដែរថា ក្នុងពេលប្រទេសនានាបានធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីកាត់បន្ថយការធ្លាក់ថ្លៃនៃរូបិយប័ណ្ណរបស់ខ្លួន ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ក្នុងបរិមាណតិចតួច គឺប្រមាណតែ ៩លានដុល្លារអាមេរិកប៉ុណ្ណោះ បើធៀបនឹងប្រមាណជិត ៦០០លានដុល្លារអាមេរិកកាលពីឆ្នាំកន្លងទៅ ។ ដូច្នេះ ទុនបម្រុងអន្តរជាតិនៅរក្សាកម្រិតខ្ពស់គ្រប់គ្រាន់ ដែលស្មើនឹង ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ខ្ពស់ជាងកម្រិតអប្បបរមា ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ទោះយ៉ាងណា ទុនបម្រុងអន្តរជាតិក៏បានថយចុះបន្តិចផងដែរ ក្រោមឥទ្ធិពលនៃការប្រែប្រួលស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ និងការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក៏ដោយ ៕ ដោយ វ៉េង លីមហួត