ក្រុមហ៊ុនជប៉ុនមួយ គ្រោងនឹងបោះទុនវិនិយោគ លើការ កែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង
ភ្នំពេញ៖ ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. នៅក្នុងប្រទេសជប៉ុនមានគម្រោងនឹងបោះទុនវិនិយោគ លើការ កែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ។ នេបើតាមការថ្លែងឡើងរបស់ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង។
ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន Shop Shindou Shigeharu Limited Company ដើម្បីពិភាក្សាការងារអំពី គម្រោងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ឯកឧត្តម សុខ លូ បានបង្ហាញក្តីសប្បាយរីករាយ ចំពោះក្រុមហ៊ុនជប៉ុនដែលមាន បំណងក្នុងការវិនិយោគនៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹង គម្រោងកែច្នៃផ្លែឈើនេះ ស្របពេលដែលខេត្តបាត់ដំបងជា ខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទាំងផ្នែកទេសចរណ៍ និងកសិកម្ម។
ឯកឧត្តមបានបញ្ជាក់ថា ៖ «រដ្ឋបាលខេត្តរងចាំការសហការ ជានិច្ច ព្រោះនេះក៏ជាគោលបំណងរបស់រដ្ឋបាលខេត្ត ក្នុង ការលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបង ព្រោះ ជារៀងរាល់ឆ្នាំ ផលិតផលកសិកម្មមួយចំនួន ដូចជាផ្លែស្វាយ ផ្លែមៀនប៉ៃលិន ឬម្នាស់ជាដើម មានចំនួនច្រើនដែលសេស សល់ និងមានតម្លៃថោក ដោយសារគ្មានរោងចក្រក្នុងការកែច្នៃ ផលិតផលទាំងនោះ»។
ទាក់ទងនឹងគម្រោងនេះ អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ បានឱ្យដឹងនាថ្ងៃទី១៩ ខែមករា ថា លោកមិន ទាន់អាចផ្ដល់ព័ត៌មានលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននេះបានឡើយនៅពេលនេះ។
ចំណែក លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់ថា នេះជារឿងល្អ ដែល មានក្រុមហ៊ុនជប៉ុន គម្រោងមកវិនិយោគទៅលើការ កែច្នៃ ផលិតផលកសិកម្មនេះ ដោយសារខេត្តបាត់ដំបង ជាខេត្ត មួយដែលមានសក្ដានុពលលើវិស័យកសិកម្ម ជាពិសេស គឺសម្បូរផ្លែឈើច្រើនដូចជា ផ្លែស្វាយ ដែលមានទំហំ ប្រមូលផលជាង ១៨.០០០ហិកតា។
លោកបន្តថារាល់ពេលប្រមូលផលកន្លងមក មានពេលខ្លះតម្លៃ របស់ផ្លែឈើទាំងនោះ ត្រូវបានធ្លាក់ថ្លៃខ្លាំង ដែលធ្វើឱ្យ ប្រជាកសិករ គឺមិនធ្វើការប្រមូលផលឡើយ ដោយទុកផ្លែឈើ ទាំង នោះចោលជាដើម។
លោក ឈឹម វជិរា ថ្លែងថា៖ «វាជាឱកាសល្អមួយ ប្រសិនជា ខាងក្រុមហ៊ុនជប៉ុនហ្នឹងមកដាក់ទុនវិនិយោគ គឺវាបានផ្ដល់ ទាំងឱកាសការងារ និងផ្ដល់ប្រាក់ចំណូលដល់បងប្អូន ប្រជាពលរដ្ឋយើង ជាពិសេសការងារកែច្នៃ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. គឺជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅក្នុងខេត្តអិហិមិ នៃប្រទេសជប៉ុន ជាពិសេសខាងផ្លែឈើស្ងួត ដូចជា ក្រូចឆ្មារ និងក្រូចពោធិ៍សាត់ដ៏ល្បីល្បាញរបស់ខេត្តអិហិមិប្រទេសជប៉ុន។ ជាមួយគ្នានេះ ក្រុមហ៊ុននេះក៏មានបំណងក្នុងការសិក្សា និងស្វែងយល់បន្ថែមទៀត មុននឹងការបោះទុនវិនិយោគ នៅក្នុងខេត្តបាត់ដំបង ក្នុងការកែច្នៃផលិតផលកសិកម្មនេះ៕
ដោយ៖ជា សុខនី