អ៊ុយក្រែន៖ លោក ហ្សេលេនស្គី សរសេរលិខិតអញ្ជើញ មេដឹកនាំចិន លោក ស៊ី សម្រាប់កិច្ចសន្ទនា
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀរ ហ្សេលេនស្គី បានសរសេរលិខិតអញ្ជើញប្រធានាធិបតីចិន លោក ស៊ី ជិនពីង ឱ្យចូលរួមកិច្ចសន្ទនាមួយដោយប្រគល់ជូនទៅគណៈប្រតិភូចិននៅវេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឡើងនៅទីក្រុងដាវូស ប្រទេសស្វីស។ នេះបើយោងតាមស្រ្តីទី១អ៊ុយក្រែន លោកស្រី អូឡេណា ហ្សេលេនស្គី ដែលបានឱ្យដឹងកាលពីថ្ងៃពុធ។
ជំហានរបស់លោក ហ្សេលេនស្គី នាពេលនេះបង្ហាញថា អ៊ុយក្រែនបានព្យាយាមម្តងហើយម្តងទៀតដើម្បីភ្ជាប់ទំនាក់ទំនងជាមួយលោក ស៊ី ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីចាប់ ផ្ដើមតាំងពីចុងខែកុម្ភៈឆ្នាំមុនមក ដោយសង្ឃឹមថាទីក្រុង ប៉េកាំង នឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។
ជុំវិញការផ្ញើលិខិតទៅលោក ស៊ី នេះ លោកស្រី ហ្សេលេនស្គី ដែលជាភរិយារបស់លោក ហ្សេលេនស្គី មិនបានប្រាប់ព័ត៌មាន លម្អិតនោះទេ ប៉ុន្តែថា៖ «វាគឺជាកាយវិការ និងការអញ្ជើញឱ្យ មានការសន្ទនា ហើយខ្ញុំសង្ឃឹមយ៉ាងខ្លាំងថា នឹងមានការឆ្លើយ តប ទៅនឹងការអញ្ជើញនេះ»។
គួររំឭកថា ចិន និងរុស្ស៊ី បានប្រកាសភាពជាដៃគូ «គ្មានដែន កំណត់» កាលពីខែកុម្ភៈឆ្នាំមុន ពោលប្រមាណជា ២០ ថ្ងៃ មុនការឈ្លានពានទ្រង់ទ្រាយធំចាប់ផ្ដើម។ កន្លងមកចិនប្រកាសថាខ្លួនជាប្រទេសអព្យាក្រឹតក្នុងសង្រ្គាម ប៉ុន្តែក៏បានបង្កើនទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី ជាពិសេសលើផ្នែកសេដ្ឋកិច្ច តាមរយៈការបង្កើនការនាំចូល ថាមពលរបស់រុស្ស៊ីជាដើម។
ទន្ទឹមគ្នានេះដែរអ្នកវិភាគមួយចំនួនបានស្នើថា នៅទីបំផុតទី ក្រុងប៉េកាំងអាចឈានជើងចូលជាអ្នកសម្រុះសម្រួលដើម្បីចរចាបញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន។ កាលពីខែកញ្ញាឆ្នាំមុន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវគ្រប់ភា គីពាក់ព័ន្ធ ទប់ស្កាត់កុំឱ្យវិបត្តិរីករាលដាល ដោយគូសបញ្ជាក់ពី ការព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះ ដែល បានជះឥទ្ធិពលដល់ប្រទេសនានាទូទាំងពិភពលោក។
នៅខែសីហាឆ្នាំមុន លោក ហ្សេលេនស្គី បានប្រាប់កាសែត South China Morning Post ថា លោកបានសុំការ សន្ទនាជាផ្លូវការជាមួយលោក ស៊ី ហើយថាការសន្ទនា មួយនឹងមានប្រយោជន៍៕
ដោយ៖ហួន ឌីណា
ប្រភព៖ Zelenskyy writes letter to invite Xi for ‘dialogue’