យុវជនម្នាក់ងាកមកចិញ្ចឹមសត្វ និងដាំចក អាចរកចំណូលបានជិត ១ពាន់ដុល្លារក្នុងមួយខែ
ភ្នំពេញ៖ ដោយសារការផ្ទុះឡើងនូវការរាលដាលនៃកូវីដ១៩ យុវជន ម្នាក់ដែលជាសិស្សកំពុងសិក្សា និងបម្រើការងារនៅរាជធានី ភ្នំពេញ បានសម្រេចចិត្តវិលត្រលប់មកស្រុកកំណើត ហើយប្រឹង ប្រែង ប្រកបរបរចិញ្ចឹមសត្វ និងចិញ្ចឹមមេពូជសត្វ សម្រាប់លក់ទៅ ឱ្យកសិករដទៃទៀត។ បច្ចុប្បន្នយុវជនរូបនេះបានព្យួរការសិក្សាទុកមួយឡែកសិន និងយកពេលវេលាមកពង្រឹងការចិញ្ចឹមសត្វរបស់ខ្លួន។
មានវ័យ២៣ឆ្នាំយុវជន ជឿន ភារុង បានបើកនូវកសិដ្ឋានចិញ្ចឹម សត្វមួយនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នៅលើដីទំនេរ របស់ឪពុកខ្លួន។ ក្នុងកសិដ្ឋានដែលមានទំហំតូចល្មម យុវជន រូបនេះបាន បង្កើត និងចញ្ចឹមសត្វចម្រុះគ្នា ព្រមទាំងមានលក់ ជាពូជសត្វផងដែរ។
កសិដ្ឋានដែលមានឈ្មោះថា «HR Farm» របស់យុវជន ជឿន ភារុង មានចិញ្ចឹមសត្វជាច្រើនប្រភេទដូចជា កង្កែប បង្កង ត្រី ខ្យង ក្ដាម ព្រមទាំងមាន់ ហើយដែលបច្ចុប្បន្ន លោកនៅគ្រប់គ្រង កសិដ្ឋាននេះដោយខ្លួនឯងផ្ទាល់ តែម្ដង។
កសិដ្ឋាននេះត្រូវបានបែងចែកជាអាងចិញ្ចឹមសត្វក្នុងទឹកជាច្រើនតម្រៀបគ្នា និងមានរោងមាន់មួយ នៅពីក្រោយផង។ នៅតាម អាងនីមួយៗ មានប្រភេទសត្វក្នុងទឹកខុសៗគ្នា ព្រមទាំងមាន ចកអាសូឡា ដែលជាចំណីសំខាន់សម្រាប់សត្វទាំងនោះ។
ចកអាសូឡា ដែលត្រូវបានលោកអះអាងថាជារុក្ខជាតិទឹក ម្យ៉ាង ដែលមានជីវជាតិល្អសម្រាប់ការលូតលាស់របស់សត្វចិញ្ចឹម ក៏លោកបានដាំដុះនៅក្នុងអាងទឹកផងដែរ។ ចកប្រភេទនេះ បានក្លាយទៅជា ប្រភពអាហារដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ សត្វចម្រុះប្រភេទដែលលោកចិញ្ចឹម។ ម្យ៉ាងទៀត លោកក៏រំលែក មួយចំណែកសម្រាប់លក់ទៅឱ្យអតិថិជនផងដែរ។
បើតាមលោក ជឿន ភារុង បានឱ្យដឹងពីចំណូលដែល លោករក បានជាប្រចាំពីការចិញ្ចឹមសត្វថា៖ «ក្នុងមួយខែ ផាត់ថ្លៃដើមចេញ ខ្ញុំអាចចំណេញបានយ៉ាងហោចណាស់ក៏៨០០រយដុល្លារដែរពីការលក់ពូជសត្វ កូនសត្វ និងចកអាសូឡា»។
លោកបានបញ្ជាក់ថា ខ្លួនមិនសូវជាចំណាយច្រើនលើថ្លៃចំណី នោះទេ ដោយសារតែ លោកមានចកអាសូឡាស្រាប់ដែល អាចលាយជាមួយចំណី ។ធ្វើដូច្នេះ វាអាចធូរបន្ទុកបានច្រើន ពីការចំណាយនានា។ លោកបន្តថា មិនត្រឹមតែចកអាសូឡា ទេដែលអាចសម្រួលការចំណាយរបស់លោក។ ខ្យងដែល លោកចិញ្ចឹមនោះក៏ អាចយកទៅធ្វើចំណីរបស់បង្កងផងដែរ។
លោក ជឿន ភារុង បានឱ្យដឹងទៀតថា អតិថិជនរបស់លោកភាគ ច្រើនជាអ្នកនៅតាមខេត្តដែលទិញកូនយកទៅ ចិញ្ចឹម និង មួយចំនួនទៀតទិញមេពូជដើម្បីយកទៅបង្កាត់តែម្ដង។
ជាទូទៅ ការលក់របស់លោកអាចប្រព្រឹត្តទៅតាមអនឡាញ ដោយអតិថិជនកម្មង់ទិញតាមអ៊ីនធឺណិត ហើយលោកនឹងរៀប ចំ ផ្ញើ ទៅតាមទីតាំងនីមួយៗ។ មួយផ្នែកទៀត ជាអតិថិជនដែល ស្គាល់ លោកតាមរយៈបណ្ដាញសង្គមយូធូប ដែលជានិច្ចជាកាល លោកតែងបង្ហោះពីសកម្មភាពក្នុងកសិដ្ឋាន។
ដោយឃើញការរីកចម្រើនត្រឹមតែរយៈពេលប្រមាណជាងពីរឆ្នាំនេះ លោក ជឿន ភារុង បាននិងកំពុងខិតខំបន្ថែម ទៀតក្នុងការស្វែង រកបច្ចេកទេសថ្មីៗ ដើម្បីចិញ្ចឹមពូជសត្វឱ្យកាន់តែល្អប្រសើរ។ ម្យ៉ាងទៀត យុវជន រូបនេះមើលឃើញពីឱកាសក្នុងការពង្រីក ខ្លួនទៅមុខទៀត ថ្វីត្បិតថាតំបន់ដែលលោករស់នៅ មិនទាន់ មានអ្នកធ្វើរបរនេះនៅឡើយ។ ដូច្នេះ សម្រាប់លោក នេះគឺ ជាឱកាសដ៏ល្អមួយ។
យុវជន ជឿន ភារុង មានបំណងចង់ពង្រីកការចិញ្ចឹមសត្វបន្ថែម ទៀត ដោយសព្វថ្ងៃការផ្គត់ផ្គង់មិនគ្រប់តម្រូវការអ្នកទិញ ដែល មូលហេតុនៃការផ្គត់ផ្គង់តម្រូវការមិនគ្រប់នេះ ដោយសារ តែការ ចិញ្ចឹមសត្វរបស់លោកនៅមាន ទំហំតូច ហើយការប្រមូល ផល ក៏មិនសូវជាទៀងទាត់ដែរ៕ ដោយ៖ កែវ បុស្បា