កម្ពុជា និងជប៉ុន ពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានសម្តែងនូវសេចក្តីពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន និងបានចែករំលែកការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅទំនាក់ទំនង នៅក្នុងអំឡុងពេលដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញដោយក្តីសោមន្សរីករាយអំពីការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់នានា នៅក្នុងឆ្នាំ២០២២ រួមមាន ទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តី FUMIO Kishida សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកឧត្តមរដ្ឋមន្រ្តីការបរទេស HAYASHI Yoshimasa ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ YASUKAZU Hamada និង ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានសេចក្តីរីករាយដែលកត់សម្គាល់ឃើញថា មិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ នៅតែរឹងមាំ និងបន្តរីកចម្រើន ទោះបីជាមានជំងឺរាតត្បាត កូវីដ-១៩ ក្តី ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈការស្តារពាណិជ្ជកម្មឡើងវិញយ៉ាងរឹងមាំ ជិតដល់កម្រិតមុនពេលមានវិបត្តិជំងឺកូវីដ-១៩ ការវិនិយោគដ៏រឹងមាំ កិច្ចសហប្រតិបត្តិការយោធាដែលត្រូវបានពង្រឹង និងការបន្តការគាំទ្ររបស់ជប៉ុននៅលើគ្រប់វិស័យ ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរាជទូតជប៉ុន បានកត់សម្គាល់ដោយក្ដីពេញចិត្តចំពោះការដំឡើងទំនាក់ទំនងទ្វេភាគី ពី «ភាពជាដៃគូយុទ្ធសាស្ត្រ» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅក្នុងឆ្នាំនេះ ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការដែលបានផ្តល់មកកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងការជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់វ៉ាក់សាំង ចំនួន ១,៣លានដូស ព្រមទាំងឥណទានសម្បទានចំនួន ៤១៦លានដុល្លារអាមេរិក សម្រាប់ការស្ដារ ឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា និងសម្ភារៈវេជ្ជសាស្ត្រ ដទៃទៀត។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការឆ្លើយតបភ្លាមៗរបស់ប្រទេសជប៉ុនក្នុងការគាំទ្រដល់គោលដៅ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥» របស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរាជទូតជប៉ុន បានពិភាក្សាអំពីមធ្យោបាយនានាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ ការកសាងសន្តិភាព ការដោះមីន ការអភិវឌ្ឍធនធានមនុស្ស សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ វប្បធម៌ ចំណងរវាងប្រជាជននិងប្រជាជន និងទេសចរណ៍ ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតជប៉ុន ក៏បានចែករំលែកយោបល់ក្នុងការជំរុញការចាប់ផ្ដើមឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យបានឆាប់ ដើម្បីជំរុញវិស័យទេសចរណ៍។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតជប៉ុន បានពិភាក្សាគ្នាអំពីការរៀបចំសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខ ដែលក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងមានជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុន HAYASHI Yoshimasa បន្ទាប់មកអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចផ្លូវការរៀបចំដោយ សមភាគីជប៉ុនរបស់ឯកឧត្តម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីជប់លៀង ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ រៀបចំឡើងនៅក្នុងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងតូក្យូ ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូត UENO Atsushi ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ អំពីការវិវត្តក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន ខណៈដែលឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់អំពីការកោតសរសើររបស់ជប៉ុនចំពោះការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ប្រកបដោយជោគជ័យ និងការខិតខំប្រឹងប្រែងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីវិញ។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែង អំណរគុណប្រទេសជប៉ុន សម្រាប់ការគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាផងដែរ ៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner