ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីនៃប្រទេសទីម័រឡេស្ដេ ក្នុងអំឡុងពេលប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក

ស្វីស៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារមួយចំនួនជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតីនៃប្រទេសទីម័រឡេស្ដេ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ។

ឯកឧត្តម រដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរចំពោះការប្រកាសជាផ្លូវការចំពោះការចូលជាសមាជិករបស់ប្រទេសទីម័រឡេស្ដេក្នុងអាស៊ាន ដែលបានធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការតាំងចិត្តខ្ពស់របស់កម្ពុជានៅក្នុងដំណើរការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់ទីម័រឡេស្ដេផងដែរ ជាពិសេសការគាំទ្ររបស់កម្ពុជាក្នុងដំណើរការចរចានានា ដើម្បីទីម័រឡេស្ដេអាចចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកបានក្នុងឆ្នាំ២០២៣ តាមបំណងរបស់រដ្ឋាភិបាលទីម័រឡេស្ដេ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចឡើងវិញ អំពីយោបល់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានលើកទឹកចិត្តឲ្យវិស័យឯកជនរបស់ទីម័រឡេស្ដេ ធ្វើការវិនិយោគនៅកម្ពុជាជាពិសេសក្នុងវិស័យស្រូវអង្ករ ក្នុងអំឡុងពេលដែលថ្នាក់ដឹកនាំកំពូលទាំងពីរជួបពិភាក្សាទ្វេភាគីក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេនៅកម្ពុជាក្នុងឆ្នាំ២០២២។

ឯកឧត្តមប្រធានាធិបតីទីម័រឡេស្ដេក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះទីម័រឡេស្ដេ ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ទីម័រឡេស្ដេឲ្យរឹតតែជិតស្និតបន្ថែមទៀតក្នុងគ្រប់វេទិកាទាំងអស់៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner