លោក ហ្សេលេនស្គី ពិភាក្សាជាមួយមេដឹកនាំអឺរ៉ុបផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប (EU)។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាខាងលើនេះ លោក ហ្សេលេនស្គី បាននិយាយថា ទំហំនៃកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងអ៊ុយក្រែន-សហភាពអឺរ៉ុប គឺជាប្រវត្តិសាស្ត្រសម្រាប់ភាគីទាំងពីរ។

ជាមួយគ្នានេះ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបសម្រាប់ការសម្រេចចិត្តបែងចែកថវិកា ១៨ពាន់លានអឺរ៉ូ ឬប្រហែល ១៩.៥០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនក្នុងឆ្នាំ ២០២៣នេះ និងសម្រាប់ការគាំទ្រផ្នែកយោធា នយោបាយ និងមនុស្សធម៌។

ទន្ទឹមគ្នា លោក ហ្សេលេនស្គី ក៏បានជូនដំណឹងដល់លោក មីសែល ផងដែរ អំពីស្ថានភាពនៅសមរភូមិជួរមុខ ដោយអំពាវនាវឱ្យមានការផ្គត់ផ្គង់ផ្នែកការពារជាតិបន្ថែមទៀតសម្រាប់អ៊ុយក្រែន រួមទាំងការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី។

ដោយឡែកលោក មីសែល វិញ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រផ្នែកមនុស្សធម៌ នយោបាយ និងយោធារបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន។ លោកថា ថ្មីៗនេះ អ៊ុយក្រែនបានទទួលសព្វាវុធធុនធ្ងន់ និងប្រព័ន្ធការពារដែនអាកាស ហើយខ្ញុំគិតថា វាចាំបាច់ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងទិសដៅនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner