ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ជំរុញឱ្យមន្រ្តីរបស់គណបក្សប្រជាជន ត្រូវចុះជាប់មូលដ្ឋានជាប្រចាំផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន និង ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

ខេត្តក្រចេះ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានជំរុញឱ្យមន្រ្តីរបស់គណបក្សត្រូវចុះជាប់មូលដ្ឋានជាប្រចាំផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន ជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ក្រាបអំពើជួញដូរមនុស្ស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសបំពានច្បាប់ដទៃទៀតដែលកំពុងតែកើតមានក្នុងភូមិ ឃុំ សង្កាត់ សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋាន ដែលជាចំណែកសំខាន់ដល់ការថែរក្សាសុខសន្តិភាព ប្រទេសជាតិ និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចិរភាព និងវិបុលភាពតរៀងទៅ ។

ឯកឧត្តម បន្តថា ដើម្បីបន្តរក្សាប្រៀបឈ្នះរបស់គណបក្សឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ និងដោយបានជំរុញលើកទឹកចិត្តឱ្យសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តពុះពារបំពេញសម្រេចឱ្យបានល្អនូវភារកិច្ចនយោបាយរបស់ខ្លួនតាមគ្រប់មុខសញ្ញា គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ឯកឧត្តម ព្រុំ សុខា បានថ្លែងឡើងបែបនេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្ត ដើម្បីបេ្តជ្ញាដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងរំលឹកអ្នកចូលរួម និងមន្រ្តីមូលដ្ឋានត្រូវបន្តពុះពារសម្រេចឱ្យខានតែបាននូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្ស ដោយត្រូវបន្តកសាង ពង្រឹង ពង្រីកកម្លាំងស្នូល ផ្តើមពីការពង្រឹងរចនាសម្ព័ន្ធមូលដ្ឋានភូមិ ឃុំ ពិសេសក្រុមបក្សនិងគ្រួសារបក្ស ជំរុញការចុះឈ្មោះបោះឆ្នោតរបស់សមាជិកបក្ស និងប្រជាជនគ្រប់ទិសទីនៅមូលដ្ឋាន ហើយត្រូវចុះច្បាមជាប់មូលដ្ឋានភូមិ ឃុំ ផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋ រួមគ្នាតស៊ូជម្នះដោះស្រាយរាល់បញ្ហាប្រឈមដែលបង្កឡើងដោយកូវីដ-១៩ ក៏ដូចជាផលប៉ះពាល់ដទៃទៀតដែលជាឥទ្ធិពលអវិជ្ជមាននៃបញ្ហាវិបត្តិសកលនាពេលបច្ចុប្បន្ន៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner