អភិបាលខេត្តបាត់ដំបង និងមន្ទីរសាធារណការខេត្ត ចុះពិនិត្យមើលស្ពានថ្មដែលបានបាក់ស្រុតដោយទឹកជំនន់ ក្នុងស្រុកឯកភ្នំ

ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកឯកភ្នំ បានចុះពិនិត្យមើលស្ពានថ្មមួយកន្លែង ស្ថិតលើកំណាត់ផ្លូវខេត្តលេខ១៥៦ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដែលបានបាក់ស្រុត បង្កការខូចខាតនៅចំកណ្តាលស្ពាន ដោយសារតែទឹកជំនន់កន្លងមក។

ឯកឧត្តម សុខ លូ បានជំរុញឲ្យមន្ទីរជួយពន្លឿនក្នុងការសម្រួលដោះស្រាយដល់ការធ្វើដំណើរជាបណ្តោះអាសន្នទីនេះឡើងវិញ ដើម្បីសម្រួលការលំបាកជូនបងប្អូនដែលរស់នៅទីនេះ ។

បើតាមការគូសបញ្ជាក់របស់អាជ្ញាធរស្រុក បានឲ្យដឹងថា៖ ស្ពានរាជដូនកែវ ដែលរងការបាក់ស្រុតនេះមានចំនួន ០២សែល,ប្រវែង១៨ម៉ែត្រ,ទទឹង៥.១ម៉ែត្រ,ប្រវែងស្លាប ៤ម៉ែត្រ, កម្ពស់ជាង ៥ម៉ែត្រ និងមានបង្កាន់ដៃកំពស់ ០,៩០ម៉ែត្រ។ ស្ពាននេះបានសាងសង់ក្នុងអំឡុងឆ្នាំ២០០៧ ដោយក្រុមការងារគណបក្សប្រជាជនកម្ពុជា តាមរយៈ ឯកឧត្តម សេង យូអ៊ាន់។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្ត បានគូសបញ្ជាក់ថា៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញចូលទៅមក របស់បងប្អូនដែលពឹងពាក់អាស្រ័យផលលើកំណាត់ផ្លូវនេះក្នុងនោះមន្ទីរបានទម្លាក់គ្រឿងចក្រឈូសឆាយរថយន្តដឹកដីនិងកម្លាំងវិស្វកម្មរបស់មន្ទីរ ដើម្បីចុះ ស្ថាបនាផ្លូវឆ្លងកាត់ជំនួសស្ពាន ជាបណ្តោះអាសន្ន ដោយបានលើកជាកំណាត់ផ្លូវដីក្រាលក្រួសក្រហម ជំនួសការធ្វើដំណើរ ខណៈដែលស្ពានថ្មទីនេះខូច។និងដើម្បីជួយសម្រាលឲ្យបងប្អូនបានប្រើប្រាស់ឡើងវិញជាបណ្តោះអាសន្នសិនទម្រាំតែមន្ទីរទទួលបានកញ្ចប់ថវិកា ធ្វើការស្តារឡើងវិញនូវស្ពានថ្មដែលបាក់នេះ។ដោយក្នុងនោះមន្ទីរបានដាក់ស្នើសុំទៅក្រសួងរួចហើយ និង ក្រោយពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើកភ្លើងខៀវផ្តល់ថវិកា ក្នុងការសាងសង់ស្ពានថ្មថ្មីនេះឡើងវិញ នៅចំទីតាំងកន្លែងដដែល។

លោកប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង ក៏បានបញ្ជាក់បន្ថែមទៀតថា៖ផ្លូវក្រាលក្រួសក្រហមធ្វើជាផ្លូវជំនួសស្ពានខូចនេះ មន្ទីរបានកំណត់ពីការដឹកផ្ទុកទម្ងន់ឆ្លងកាត់លើកំណាត់ផ្លូវវៀងបណ្តោះអាសន្ននេះ គឺអាចផ្ទុកទម្ងន់បានចំនួន២៥តោន ក្រោយពីស្ថាបនារួចឆាប់ៗ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner