ក្រុមហ៊ុន Google កាត់បន្ថយបុគ្គលិកជាង ១២ ០០០ ទូទាំងវិស័យបច្ចេកវិទ្យារបស់ខ្លួន

ស.រ.អា: Alphabet មេរបស់ក្រុមហ៊ុនរបស់ Google ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាក្រោយគេបង្អស់ក្នុងការបន្ថយបុគ្គលិកជាង ១២ ០០០ នាក់ដែលស្មើនិង ៦ភាគរយនៃកម្លាំងការងារ ក្រោយសន្ទស្សន៍នៃបុគ្គលិកកើនឡើង ជាខ្លាំងចាប់តាំងពីជំងឺកូវីដ ១៩ ចូលមកដល់។

ការកាត់បន្ថយបុគ្គលិកជាច្រើននាក់នេះគឺជារឿងមួយដែលមិនធ្លាប់កើតមាន ដែលកន្លងទៅនេះក្រុមហ៊ុនធំៗ មួយចំនួនដូចជា Microsoft Meta និងក្រុមហ៊ុនផ្សេងទៀតបានប្រកាសបញ្ឈប់បុគ្គលិករាប់ម៉ឺននាក់ជាបន្តបន្ទាប់។ ជាលទ្ធផល សម្រាប់ខែមករា ឆ្នាំ ២០២៣នេះ បុគ្គលិកយ៉ាងហោចណាស់ ៤៨ ០០០ នាក់ត្រូវបានបញ្ឈប់ពីការងារក្នុងវិស័យធំៗនេះ ។

លោក Sundar Pichai អគ្គនាយកក្រុមហ៊ុន Google ហើយក៏ជាអ្នកដឹកនាំម្នាក់ក្នុងក្រុមហ៊ុនមេ Alphabet បានធ្វើការសុំទោសនៅក្នុងសារមួយជាសាធារណៈទៅកាន់បុគ្គលិកទាំងអស់ដែលត្រូវបានបញ្ឈប់ពីការងារ។ លោកបានបន្ថែមទៀតថា « ការបញ្ឈប់ពីការងារគឺឆ្លុះបញ្ចាំងពីការត្រួតពិនិត្យយ៉ាងមហ្មត់ចត់ដែលធ្វើឡើងពីក្រុមហ៊ុន Google»។

យោងតាមឯកសារបទប្បញ្ញត្តិរបស់ក្រុមហ៊ុន បានឱ្យដឹងថា កម្លាំងការងាររបស់ Google កើនឡើងក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ ដោយមានចំនួនបុគ្គលិកកើនឡើងដល់ដល់ ១៨៧ ០០០ នាក់បើប្រៀបធៀបទៅចុងឆ្នាំ២០១៩ មុនកូវីដចូលមកដល់ ក្រុមហ៊ុនមានបុគ្គលិកត្រឹមតែ ១១៩ ០០០ ប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយការបញ្ឈប់បុគ្គលិកជាច្រើននាក់នេះ Google នៅតែមានទំហំបុគ្គលិកធំដដែលបើប្រៀបធៀបទៅនិងឆ្នាំមុនកូវីដរាតត្បាត។

លោក John Blevins សាស្ត្រាចារ្យរងនៅសាលាធុរកិច្ចរបស់សាកលវិទ្យាល័យ Cornell បាននិយាយថា បុគ្គលិកដែលត្រូវបានបញ្ឈប់ទាំងអស់ប្រាកដជាមានសមត្ថភាពក្នុងការស្វែងរកការងារថ្មី ដោយសារពួកគេមានប័ណ្ណសរសើរកិត្តយសដ៏ខ្ពង់ខ្ពស់ពីក្រុមហ៊ុនលំដាប់សកលលោក ។

សូមជម្រាបថា នៅក្នុងសេចក្តីប្រកាសបញ្ឈប់បុគ្គលិកនេះ លោក Pichai និងដៃគូ Satya Nadella នាយកប្រតិបត្តិ Microsoft បាននិយាយថាពួកគេនិងសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការបង្កើតបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ( AI ) ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅ San Francisco ឈ្មោះ OpenAI ។

បើគិតត្រឹមសប្តាហ៍នេះក្រុមហ៊ុន Microsoft បានប្រកាសកាត់បន្ថយការងារជាង ១០ ០០០ដែរស្មើនិង ៥ភាគរយនៃកម្លាំងការងាររបស់ខ្លួន។ ចំណែកក្រុមហ៊ុន Amazon ក៏ដូចគ្នា ដោយនៅក្នុងខែនេះ ខ្លួនកំពុងកាត់បន្ថយការងារចំនួន ១៨ ០០០ នាក់ ទោះបីជាពួកគេជាកម្លាំងការងារដ៏រឹងមាំរបស់ខ្លួនក្នុងចំណោមបុគ្គលិក ១.៥លាននាក់ក៏ដោយ និងក្រុមហ៊ុនកម្មវិធីអាជីវកម្ម Salesforce ក៏បានបញ្ឈប់បុគ្គលិកប្រហែល ៨០០០ នាក់ ឬ ១០ភាគរយនៃចំនួនបុគ្គលិកសរុបផងដែរ។

គួររំឮកផងដែរថា កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន Meta របស់ Facebook បានប្រកាសថា ខ្លួនបានកាត់បន្ថយបុគ្គលិកចំនួន ១១ ០០០ ដែលស្មើរនិង១៣% នៃកម្លាំងបុគ្គលិករបស់ខ្លួន ។ លោក Elon Musk នាយកប្រតិបត្តិថ្មីដែលបានទិញក្រុមហ៊ុនTwitter កាលពីឆ្នាំមុននេះក៏បានប្រកាសកាត់បន្ថយការងារនៅ Twitter អស់ជាច្រើននាក់ផងដែរ៕
ដោយ:ឡែង អារីតា

ads banner