ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិតប្រាំពីរពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ។

លោកបណ្ឌិត ស្តើង សុខុម ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ បានឱ្យដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាប័ត្ររបស់សាកលវិទ្យាល័យចំនួន ប្រាំពីរលើករួចមកហើយ។

លោកបណ្ឌិតបានឱ្យដឹងដែរថា និស្សិតជ័យលាភីដែលអញ្ជើញទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាពេលនេះ មានចំនួនសរុប ៦,៧៩១នាក់ នារី ២,៩៤០នាក់ មកពី ៤សាខា (ភ្នំពេញ កំពង់ចាម កំពង់ធំ និងកំពត)។ ក្នុងចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ។

លោកបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ បន្តថា ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ អ្នកមានការងារធ្វើ មានចំនួន ៦,៥៦២នាក់ ស្មើនឹងជិត ៩៧ភាគរយ រួមមានកម្រិតបរិញ្ញាបត្ររង ចំនួន ៤០៦នាក់ ស្មើនឹងជាង ៩២ភាគរយ, កម្រិតបរិញ្ញាបត្រ ចំនួន ៤,២៧៩ នាក់ ស្មើជាង ៩៦ភាគរយ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១,៨៧៦នាក់ ស្មើនឹងជិត ៩៩ភាគរយ និងកម្រិតបណ្ឌិត ចំនួន ១នាក់ ស្មើ ១០០%។

សាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានចាប់ផ្តើមបណ្តុះបណ្តាលកាលពី២០០៣។ សាកលវិទ្យាល័យនេះ បានធ្វើសកម្មភាពយ៉ាងសកម្មលើការបណ្តុះបណ្តាល ផ្តល់ពុទ្ធិ និងចំណេះជំនាញ ដើម្បីចូលរួមកសាងធនធានមនុស្ស ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការកសាងសង្គម។ គិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០២១-២០២២ សាកលវិទ្យាល័យ មាននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យ សរុបចំនួន ៤៧,២៤៦នាក់ នារី ១៥,២៧៤នាក់។ បច្ចុប្បន្នមាននិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សរុបចំនួន ១១,៧៤៧នាក់ នារី ៥,៧៨៨នាក់ កំពុងសិក្សានៅតាមទីតាំង និងសាខាទាំង ៩រួមមាន៖ រាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងកំពត។

លោកបណ្ឌិត ស្តើង សុខុម បានឱ្យដឹងទៀតថា បច្ចុប្បន្នសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យកំពុងបំពេញការងារសរុបទាំងអស់ចំនួន ១,២៨៦នាក់ នារី ២១៧នាក់។ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បច្ចុប្បន្នមានទីតាំងគោលនៅរាជធានីភ្នំពេញ និង៦សាខា នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត មានអគារសិក្សា ចំនួន ៩អគារ បន្ទប់សិក្សាចំនួន ២៤៥ សាលសន្និសីទចំនួន៩ បណ្ណាល័យចំនួន៨ បន្ទប់អនុវត្តភាសាចំនួន ៩ បន្ទប់បណ្តុះបណ្តាលព័ត៌មានវិទ្យាចំនួន ៩ មានកុំព្យូទ័រចំនួន ៥៣០គ្រឿង LCD Projectors ចំនួន ២១០គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធផ្សេងៗទៀតផង មានការិយាល័យធ្វើការរួម និងដោយឡែក ចំនួន ៥៧ បាននិងកំពុងបណ្តុះបណ្តាល នៅក្នុងមហាវិទ្យាល័យចំនួន៥ គឺមហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ច, មហាវិទ្យាល័យវិស្វកម្ម, និងមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ ៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner