សម្តេចតេជោ ហ៊ុន សែន ៖ ចាប់ពីថ្ងៃទី២៥ កម្ពុជា នឹងចាប់ផ្តើមធ្វើយុទ្ធនាការ រាប់ថយក្រោយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជា នឹងប្រារព្ធកម្មវិធី ១០០ថ្ងៃរាប់ថយក្រោយមុនឈានដល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។

សម្តេចតេជោ បានលើកឡើងថា៖ សូមកុំភ្លេចនៅថ្ងៃទី២៥ នឹងចាប់ផ្តើមធ្វើឱ្យមានចលនាជាតិមួយ រាប់ថយក្រោយ ២៥ គឺស្រែកថា ១០០ថ្ងៃ ដល់ទៅថ្ងៃទី២៦ ស្រែកថា ៩៩ថ្ងៃ ដល់ទៅថ្ងៃទី២៧ ស្រែកថា ៩៨ថ្ងៃ រាប់ថយក្រោយ ។

សម្តេចតេជោ បានបន្តថា កម្ពុជា នឹងខិតខំរៀបចំការប្រកួតស៊ីហ្គេម និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម (ជនមានពិការភាព) ដែលនឹងធ្វើឡើងនៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពរីករាយដល់ភ្ញៀវដែលមកចូលរួមការប្រកួតស៊ីហ្គេម ។

សម្តេចបានថ្លែងទៀតថា៖ មិនមែនគ្រាន់តែឈ្នះមេដាយទេ តែធ្វើជាម្ចាស់ផ្ទះដែលមានការទទួលខុសត្រូវ ផ្តល់សុវត្ថិភាពដល់កីឡាករកីឡាការិនី និងអ្នកដឹកនាំមកពីបណ្តាប្រទេសនានា ផ្តល់ការសប្បាយរីករាយសម្រាប់ពួកគេដែលមកដល់ទឹកដីកម្ពុជា ។

សម្តេចបានបញ្ជាក់ថា ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់នឹងយាងទៅប្រទាន ព្រះអគ្គិកីឡា នៅប្រាសាទអង្គរវត្តនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្តេចតេជោ បន្ថែមថា កម្ពុជា បានត្រៀមថវិកាជាង ១០០លានដុល្លារក្នុងការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាផ្ទះម្ចាស់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner