សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ជាប្រទេសមួយសម្បូរដោយធនធានធម្មជាតិ តែក៏ជាប្រទេសក្រីក្រមួយ នៅក្នុងពិភពលោក
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិ និងអាកាសធាតុអំណោយផល។ ទោះជាយ៉ាងណា ប្រទេសនេះ ក៏ជាប្រទេសក្រីក្រមួយនៅក្នុងពិភពលោក។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហាសំខាន់ពីរ ដែលធ្វើឲ្យកម្ពុជា នៅតែមិនទាន់ដកខ្លួនពីប្រទេសក្រីក្របាន គឺដោយសារកំហុសផ្នែកនយោបាយពីអតីតកាល និងធនធានមនុស្ស។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ។
សម្ដេចបានរំលឹកទៅកាន់ការធ្វើរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ដោយសេនាប្រមុខ លន់ នល់ ទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ចេញពីតំណែងបានទាញកម្ពុជា ធ្លាក់ចូលទៅក្នុងសង្គ្រាមនៅពេលនោះ។ សម្ដេចថា៖ កំហុសខាងនយោបាយមួយនេះ គឺធ្វើឲ្យប្រទេសដើរថយក្រោយ ខណៈដែលប្រទេសដទៃដើរទៅមុខយើងដើរថយក្រោយ ។
សម្ដេចតេជោ បានលើកឡើងបន្ថែមថា បញ្ហាមួយទៀត គឺកម្ពុជាកង្វះធនធានមនុស្ស ដែលត្រូវបានបំផ្លាញដោយសម័យខ្មែរក្រហម និងសង្គ្រាម។ សម្ដេច ថា៖ បើយើងមានធនធានធម្មជាតិយ៉ាងច្រើនសម្បូរបែបយ៉ាងដូច្នេះហេតុអីក៏យើងនៅតែក្រ? កំហុសខាងនយោបាយវាជាការចាប់ផ្ដើម។ ហើយកំហុសខាងនយោបាយនោះហើយ វាក៏រារាំងដល់ដំណើរការអភិវឌ្ឍន៍ធនធានមនុស្សតែម្ដង។
សម្ដេចតេជោ បានលើកឡើងថា កម្ពុជា គួរតែមើលប្រទេសសាំងហ្គាពួរជាឧទាហរណ៍ ដោយថា ប្រទេសសាំងហ្គាពួរ ពុំមានធនធានធម្មជាតិសូម្បីតែទឹកសាបប្រើប្រាស់ផ្ទាល់ខ្លួន តែប្រទេសនេះ បានអភិវឌ្ឍន៍ខ្លួនក្លាយជាប្រទេសមួយដែលមានចំណូលខ្ពស់នៅក្នុងពិភពលោក។
សម្ដេចតេជោបានបន្តថា ចំណុចចំនួន៣ ដែលធ្វើឲ្យប្រទេសសាំងហ្គាពួរ មានការអភិវឌ្ឍ គឺពលរដ្ឋមានវិន័យ ប្រទេសមានស្ថេរភាព សន្តិភាព និងការអភិវឌ្ឍធនធានមនុស្ស។
សម្ដេច ថា បច្ចុប្បន្ន កម្ពុជា រក្សាបានស្ថេរភាព និងសន្តិភាព ហើយនិងប្ដេជ្ញារក្សានូវស្ថេរភាពបែបនេះទៅមុខទៀត ខណៈដែលសម្ដេច ជំរុញឲ្យមានការពង្រឹងគុណភាពអប់រំនៅក្នុងប្រទេស ដើម្បីជំរុញឲ្យធនធានមនុស្ស កាន់តែមានគុណភាព ៕ ដោយ វណ្ណលុក