សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគ្រប់សាកលវិទ្យាល័យទាំងឯកជន និងរដ្ឋ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពនៃការសិក្សា
ភ្នំពេញ៖ គ្រប់សាកលវិទ្យាល័យទាំងឯកជន និងរដ្ឋ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពនៃការសិក្សា ខណៈក្រសួងអប់រំ ក៏កំពុងខិតខំតាមរយៈការ រៀបចំសាលាជំនាន់ថ្មី ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្រាប់កម្ពុជា គឺយើងត្រូវបន្តការខិតខំ, ឥឡូវយើងមានបរិមាណ ហើយបើគិតត្រឹមសប្តាហ៍នេះយើងមាននិស្សិតប្រមាណ ១ម៉ឺននាក់ ដែលបានទទួលសញ្ញាបត្រ។ យើងមានហើយបរិមាណ ប៉ុន្តែបញ្ហាគុណភាព ត្រូវយកចិត្តទុកដាក់បន្ថែម។
សម្តេច បានបន្តថា ជាការពិតហើយថាដោយសារមានបរិមាណទើបយើងអាចរកគុណភាពឃើញ។ព្រោះបើមិនមានបរិមាណទេគឺយើងមិនអាចមានគុណភាពនោះទេ ។ ដូច្នេះគុណភាព វាចាប់ផ្ដើមពីបរិមាណនេះឯង ដែលមួយឆ្នាំៗ មាននិស្សិតចូលដល់ម៉ឺននាក់ បានបញ្ចប់ការសិក្សា ។
ប៉ុន្តែសួរថា អ្នកដែលពូកែមានប៉ុន្មាននាក់? ចំណុចនេះ គឺជាចំណុចដែលយើងត្រូវរកចម្លើយមួយដើ ម្បីឆ្លើយតប។ សម្តេច ថា នៅក្នុងសាលា មិនប្រាកដថា យើងពូកែនោះទេ ។ ប៉ុន្តែនៅពេលចេញធ្វើការងារនោះទើបជាការសាកល្បងសមត្ថភាពពិត ៕ ដោយ វណ្ណលុក