សម្ដេចតេជោ ហ៊ុន សែន មានគម្រោង សាងសង់ អគារអន្តេវាសិកសម្រាប់និស្សិតជាស្ត្រី បានស្នាក់នៅរៀនសូត្រ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានគម្រោង សាងសង់ អគារអន្តេវាសិកសម្រាប់និស្សិតជាស្ត្រី បានស្នាក់នៅរៀនសូត្រ ខណៈចំនួនស្ត្រីនៅឧត្តមសិក្សាមានការធ្លាក់ចុះ។

សម្ដេចតេជោ មានប្រសាសន៍ថា ខ្ញុំកំពុងពិនិត្យ សាងសង់អន្តេវាសិកនៅទីកន្លែងណាមួយ បន្ថែមអន្តេវាសិកដែលមានសព្វថ្ងៃនេះ។ ប្រហែលជាយើង នឹងចាប់ឈានយករៀបចំអន្តេវាសិកសម្រាប់និស្សិតជាស្ត្រី និងនិស្សិតក្រីក្រ បន្ថែមទៀត ខ្ញុំកំពុងពិនិត្យអំពីបញ្ហានេះ បន្ថែមដោយនិស្សិតបរទេស។

សម្ដេចតេជោ បានបញ្ជាក់ថា អន្តេវាសិកមិនមែនធ្វើតែនៅទីក្រុងភ្នំពេញនោះទេ តាមបណ្ដាខេត្តក៏ត្រូវរៀបចំ គ្រប់សាលាវិទ្យាល័យដែលសម្ដេចបានសាងសង់ចាប់ពីឆ្នាំ២០១៦ គឺសម្ដេចតែងតែ ឱ្យសាង សង់កន្លែងស្នាក់នៅរបស់គ្រូបង្រៀង និងអគារសិស្សវិទ្យាល័យផងដែរ។

សម្ដេចបញ្ជាក់ថា តាមបណ្ដាខេត្តដែលមានសាកលវិទ្យាល័យ គួរតែត្រូវរៀបចំឱ្យមានអន្តេវាសិកផងដែរ ដើម្បីឱ្យនិស្សិតដែលមកពីតាមភូមិ ស្រុក មានឱកាសស្នាក់នៅរៀនសូត្រ ជាពិសេស និស្សិតជាស្ត្រី ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner