របាយការណ៍៖ គ្រោះមហន្តរាយធម្មជាតិធ្វើឱ្យខាតបង់សេដ្ឋកិច្ចពិភពលោក ៣១៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

បរទេស៖ គ្រោះមហន្តរាយធម្មជាតិជាច្រើនត្រូវបានជំរុញឲ្យកើតមានឡើង ដោយសារការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចពិភពលោកចំនួន ៣១៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ នេះជាអ្វីដែលដែលជាក្រុមហ៊ុនធានារ៉ាប់រងមានមូលដ្ឋាននៅអង់គ្លេស មានឈ្មោះថា អេអន (Aon) បានប៉ាន់ប្រមាណ កាលពីថ្ងៃពុធ ដែលក្នុងនោះ តិចជាងពាក់កណ្តាលត្រូវបានធានារ៉ាប់រង។

ប្រភពបានបន្ថែមថា ការខាតបង់ពីគ្រោះមហន្តរាយធម្មជាតិ ដែលគ្របដណ្តប់ដោយវិស័យធានារ៉ាប់រងមានចំនួន $ ១៣២ ពាន់លានដុល្លារ ហើយទំហំនេះ គឺលើសពីមធ្យមភាគនៃសតវត្សទី២១ ចំនួន៥៧% ហើយបានបន្សល់ទុកនូវ “គម្លាតការពារ” សកល ចំនួន ៥៨% ។

យោងតាមរបាយការណ៍នេះ ៧៥% នៃការខាតបង់ធានារ៉ាប់រងសកលបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងព្យុះ សង្ឃរា អ៊ីអេន (Ian) ដែលបានវាយប្រហាររដ្ឋ ហ្ល័ររីដា (Florida) ក្នុងខែកញ្ញា ឆ្នាំ២០២២ ដែលបណ្តាលឱ្យមានការខូចខាតធានារ៉ាប់រង ក្នុងចន្លោះពី ៥០ ទៅ ៥៥ពាន់លានដុល្លារ ពីការខាតបង់សេដ្ឋកិច្ចសរុប ចំនួន៩៥ពាន់លានដុល្លារ។

របាយការណ៍ក៏បានលើកឡើងពីប្រទេសអូស្ត្រាលី ជាមួយនឹងការខាតបង់ដែលត្រូវបានធានារ៉ាប់រង ទាក់ទងនឹងទឹកជំនន់បានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៤ ពាន់លានដុល្លារ ។ របាយការណ៍ក៏បានបង្ហាញពី គ្រោះទឹកជំនន់ដ៏អាក្រក់ នៅក្នុងប្រទេសប៉ាគីស្ថានផងដែរ។

របាយការណ៍ក៏បានប៉ាន់ប្រមាណថា មនុស្សប្រហែល ៣១៣០០ នាក់បានស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិ ក្នុងឆ្នាំ ២០២២ ដែលក្នុងនោះប្រហែល ២ ភាគ ៣ ត្រូវបានផ្សារភ្ជាប់ទៅនឹងរលកកំដៅធ្ងន់ធ្ងរ នៅអឺរ៉ុប ចន្លោះពីខែមិថុនា ដល់ខែកក្កដា៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner