វិមានក្រឹមឡាំងបន្ទោសអាមេរិក និងណាតូ ក្រោយ Doomsday Clock រំកិលទ្រនិចទៅមុខ ជាសញ្ញាបង្ហាញថា ពិភពលោកកាន់តែខិតជិតនឹងវិនាសកម្ម
មូស្គូ៖ វិមានក្រឹមឡាំងនៅក្នុងថ្ងៃពុធសប្តាហ៍នេះបានលើកឡើងថា នាឡិកានៃថ្ងៃវិនាស ឬ “Doomsday Clock” បានខិតជិតដល់ចំណុចពាក់កណ្តាលអធ្រាត្រជាងមុន ឬចំណុចចុងអវសានរបស់ពិភពលោក ចំពេលមានការគំរាមកំហែងរបស់រុស្ស៊ី ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ បានប្រាប់អ្នកយកព័ត៌មានថា ស្ថានភាពទាំងមូលពិតជាគួរឱ្យព្រួយបារម្ភ ដោយអំពាវនាវឱ្យមានការវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន ចំពោះភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ លោក ប៉េសស្កូវ បានសង្កត់ធ្ងន់ថា ប្រការនេះបានដាក់បន្ទុកដល់យើងឲ្យមានការត្រៀមខ្លួន ជាពិសេសការប្រុងប្រយ័ត្ននិងចាត់វិធានការសមស្រប។
គួរបញ្ជាក់ថា ទ្រនិចនាឡិកា Doomsday Clock ឬនាឡិកាកំណត់ថ្ងៃទន្សារបស់ពិភពលោក បានមួលរំកិលទៅមុខ១០វិនាទីថែមទៀត សម្រាប់ឆ្នាំ២០២៣។ ការសម្រេចរំកិលទ្រនិចដោយអ្នកប្រាជ្ញនៃក្រុមវិទ្យាសាស្ត្រអាតូមិកនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ដែលជាការបង្ហាញភាពកាន់តែក្បែរបំផុត នៃចំណុចទីអវសានរបស់ពិភពលោក។
នេះជាលើកដំបូងហើយដែលមានសញ្ញាព្រមានពីក្រុមអ្នកប្រាជ្ញបន្តមរតក Doomsday Clock ក្នុងរយៈពេល៧៦ឆ្នាំមកនេះ ដាស់តឿនការប្រុងប្រយ័ត្នគ្រោះថ្នាក់មហន្តរាយដល់មនុស្សជាតិ។ Doomsday Clock នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៧៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ បុត្រា