កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន»
ភ្នំពេញ៖ ដើម្បីឈានឆ្ពោះធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន» ដែលមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៥-២៨ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វ៉េ ដែលមានមន្ត្រីទីស្នាក់ការកណ្តាល ៥នាក់ មន្ត្រីសាខាខេត្តសៀមរាប ១នាក់ និងមន្ត្រីកាកបាទក្រហមមីយ៉ាន់ម៉ា ១នាក់ និងមានការសម្របសម្រួលពីលោក Nattorn Sornvai ជាមន្ត្រីទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្តសមាគមជាតិ អាស៊ី-អាគ្នេយ៍ របស់សហព័ន្ធអន្តរជាតិ ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងវៀតណាម។
លោកជំទាវអគ្គលេខាធិការរងទី១ បានឱ្យដឹងថា ថ្ងៃនេះគឺជាការចាប់ផ្តើមមួយក្នុងដំណើរការឈានឆ្ពោះទៅឲ្យកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។
លោកជំទាវបន្តថា ក្នុងការឈានឆ្ពោះទៅដល់កិច្ចប្រជុំនោះ ដំបូងគឺត្រូវការបណ្តុះបណ្តាលយុវជនជាមុនសិន ព្រោះយុវជនអនាគត គឺជាអ្នកដឹកនាំ ជាអ្នកបន្តវេន្ត ហើយវគ្គបណ្តុះបណ្តាលនេះគឺមានជំនាញដូចជា ផ្នែកទំនាក់ទំនង ការយល់ដឹងពីមូលដ្ឋានគោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ន ដែលជាបរិបទសកល និងការប្រែប្រួលអាកាសធាតុជាដើម៕ ដោយ / គ្រី សម្បត្តិ