ឆ្នាំ២០២៥ តំបន់គោលដៅជុំវិញក្រុង-ខេត្តបាត់ដំបង និងទទួលបានការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់គ្របដណ្តប់ ១០០%
ខេត្តបាត់ដំបង៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតខ្នាតធំ នៅខេត្តបាត់ដំបង នារសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ថា នៅឆ្នាំ២០២៤ ខាងមុខការផ្តល់នូវសេវាទឹកស្អាតជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងតំបន់គោលដៅជុំវិញក្រុង-ខេត្តបាត់ដំបង និងទទួលបាន ការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់គ្របដណ្តប់១០០% ក្រោយពីរោងចក្រផលិតទឹកស្អាតខ្នាតធំថ្មីនេះត្រូវបានសាងសង់រួចរាល់ជាស្ថាពរនិងដំណើរការនៅឆ្នាំ២០២៤ខាងមុខ ដែលមានសមត្ថភាពផលិតក្នុងការផ្គត់ផ្គង់ទឹកស្អាតបានប្រមាណ ៥ម៉ឺនម៉ែត្រត្រីគុណក្នុង ១ថ្ងៃ ។
នេះគឺជា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីមួយកន្លែងបន្ថែមទៀតក្នុងក្រុងបាត់ដំបង ក្រោមគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ន៍អាស៊ី( ADB ) និង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ បានសាងសង់រួចរាល់ សេវាផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង កាន់តែត្រូវបានពង្រីកវិសាលភាពនូវបណ្ដាញចែកចាយកាន់តែទូលំទូលាយបានមួយកម្រិតធំបន្ថែមទៀត។
លោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង បញ្ជាក់ថា៖ បច្ចុប្បន្នអង្គភាពរដ្ឋាករទឹកខេត្តមានរោងចក្រផលិតទឹកស្អាតចំនួន២ទីតាំង និងមានសមត្ថភាពផលិតបានចំនួន៣៣.៥២០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ សម្រាប់ចែកចាយទៅកាន់ក្រុង-ស្រុក ចំនួន៣ គឺ៖ក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកថ្មគោល។ហើយការផ្គត់ផ្គង់ទឹកស្អាត បច្ចុប្បន្នសម្រេចបាន៨៥% ហើយអង្គភាពរំពឹងនឹងពង្រីកឱ្យបាន ១០០%ចាប់ពីឆ្នាំ២០២៥ ក្រោយពីរោងចក្រថ្មី បានចាប់ផ្តើមដំណើរការផលិតទឹកស្អាត៕ អ៊ុក សំអាន