ទីបញ្ជាការអង្គការសហប្រជាជាតិថា ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង សុទ្ធតែបានរំលោភលើបទឈប់បាញ់

អ.ស.ប: ទីបញ្ជាការអង្គការសហប្រជាជាតិ ឬហៅកាត់ថា UNC ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានថ្លែងថា ប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង បានរំលោភលើបទឈប់បាញ់នៅតំបន់ព្រំដែនរបស់ពួកគេ ដោយភាគីទាំងពីរការបញ្ជូនយន្តហោះគ្មានមនុស្សបើក ហោះចូលទៅក្នុងដែនអាកាសរបស់គ្នាទៅវិញទៅមកកាលពីខែធ្នូ ឆ្នាំ២០២២។

គួររំឮកថា យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួន ៥ គ្រឿងបានហោះឆ្លងចូលទៅក្នុងភាគខាងត្បូងនៃទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៦ ខែធ្នូ ដែលជាហេតុធ្វើឱ្យយោធាកូរ៉េខាងត្បូង បញ្ចេញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ព្រមទាំងបានបញ្ជូនយន្តហោះស៊ើបការណ៍ចូលទៅក្នុងដែនអាកាសកូរ៉េខាងជើងវិញ ដើម្បីថតផ្ដិតរូបយកទីតាំងយោធារបស់កូរ៉េខាងជើង។

គេមិនភ្លេចនោះទេថា យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររបស់កូរ៉េខាងត្បូង បានបរាជ័យក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងទាំង ៥ គ្រឿងដែលត្រូវបានប្រទះឃើញវត្តមាននៅភាគខាងត្បូងនៃព្រំដែន។ យ៉ាងណាក៏ដោយ បន្ទាប់ពីមានវត្តមានអស់រយៈពេលប្រហែល ៣ ម៉ោង ដ្រូនខ្លះបានហោះត្រឡប់ទៅកាន់ដែនអាកាសកូរ៉េខាងជើងវិញ ហើយខ្លះទៀតបានបាត់ខ្លួនពីប្រព័ន្ធរ៉ាដារបស់កូរ៉េខាងត្បូង។

គួរដឹងដែរថា ក្នុងព្រឹត្តិការណ៍នោះ ដ្រូនមួយគ្រឿងក្នុងចំណោមដ្រូនទាំងអស់ បានធ្វើដំណើរហោះចូលជ្រៅរហូតដល់ភាគខាងជើងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ហេតុការណ៍នោះបានបណ្តាលឱ្យពលរដ្ឋកូរ៉េខាងត្បូង ជាពិសេសពលរដ្ឋដែលរស់នៅក្នុងទីក្រុងសេអ៊ូល មានការភ័យខ្លាចផ្នែកសន្តិសុខយ៉ាងខ្លាំង។ យ៉ាងណាក្ដី យោធាកូរ៉េខាងត្បូងបានធ្វើការសុំទោសជាសាធារណៈ ដោយបានថ្លែងថា ដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពានដែនអាកាសពីសំណាក់កូរ៉េខាងជើង កូរ៉េខាងត្បូងក៏បានបញ្ជូនយន្តហោះដ្រូនស៊ើបការណ៍របស់ខ្លួនចំនួន ៣ គ្រឿង ហោះឆ្លងកាត់ព្រំដែនចូលទៅក្នុងដែនអាកាសកូរ៉េខាងជើងដើម្បីជាការសងសឹក។ ទោះយ៉ាងនោះក្ដី កូរ៉េ ខាង ជើង មិន បាន ចេញ ប្រតិកម្មតបត អ្វីទាំងអស់ នេះ បើ យោងតាម ក្រុមមន្ត្រី ក្រសួងការពារ ជាតិ កូរ៉េ ខាង ត្បូង។

ទីបញ្ជាការរបស់អង្គការសហប្រជាជាតិ ជាអង្គភាពមួយបង្កើតឡើងក្នុងគោលបំណងជួយត្រួតពិនិត្យតំបន់គ្មានយោធា (DMZ) រវាងកូរ៉េទាំងពីរ ចាប់តាំងពីបទឈប់បាញ់ត្រូវបានបង្កើតឡើងមុនពេលបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។ ទីបញ្ជាការនេះបានបើកការស៊ើបអង្កេតពិសេសទៅលើការឈ្លានពានដែនអាកាសគ្នាទៅវិញទៅមកនេះ ដើម្បីកំណត់ថាតើភាគីណាមួយដែលមានការរំលោភលើបទឈប់បាញ់ដែរឬក៏យ៉ាងណា។

ជាលទ្ធផលនៃការស៊ើបអង្កេតនេះ ទីបញ្ជាការអង្គការសហប្រជាជាតិ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលុកលុយគ្នាទៅវិញទៅមកដោយភាគីទាំងពីរបង្កើតបានជាការរំលោភបទឈប់បាញ់ ប៉ុន្តែការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនៅក្នុងដែនអាកាសរបស់ខ្លួនរបស់កូរ៉េខាងត្បូង មិនបានរំលោភលើបទឈប់បាញ់នោះទេ។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា «ទីបញ្ជាការអង្គការសហប្រជាជាតិសុំបញ្ជាក់សារជាថ្មីថា ការប្រកាន់ខ្ជាប់នូវលក្ខខណ្ឌផ្សេងៗដែលមាននៅក្នុងបទឈប់បាញ់ គឺចាំបាច់ខ្លាំងណាស់សម្រាប់កាត់បន្ថយហានិភ័យនៃឧបទ្ទវហេតុដោយចៃដន្យណាមួយដែលអាចកើតមានឡើង តាមរយៈការទប់ស្កាត់ការកើនឡើងនៃភាពតានតឹង និងដើម្បីរក្សាស្ថិរភាពនៅតំបន់ឧបទ្វីបកូរ៉េ»។

គួរដឹងដែរថា អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់យោធាកូរ៉េខាងត្បូងនៅក្នុងតំបន់តាមបណ្តោយព្រំដែនរបស់ប្រទេសកូរ៉េខាងជើង គឺជាវិធានការការពារខ្លួន ប្រឆាំងនឹងការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ហើយការធ្វើបែបនេះ វាមិនត្រូវបានហាមឃាត់ដោយកិច្ចព្រមព្រៀងឈប់បាញ់រវាងភាគីទាំងពីរនោះទេ។ យ៉ាងណាក៏ដោយ កូរ៉េ ខាង ជើង មិន បាន ធ្វើ អត្ថាធិប្បាយ ជា សាធារណៈ អំពី ឧប្បត្តិហេតុ យន្តហោះ គ្មាន មនុស្ស បើក នេះនោះទេ។

គួរកត់សម្គាល់ថា ភាពតានតឹងរវាងប្រទេសទាំងពីរបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ដោយកូរ៉េខាងជើងបានធ្វើការបាញ់បង្ហោះមីស៊ីល និងការធ្វើតេស្តអាវុធផ្សេងទៀតជាច្រើន។ ដោយឡែក កូរ៉េខាងត្បូងវិញ បានឆ្លើយតបដោយការបង្កើនសកម្មភាពហ្វឹកហ្វឺនយោធាកាន់តែខ្លាំងឡើងៗ រួមទាំងមានសមយុទ្ធយោធារួមគ្នាជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកទៀតផង៕
ដោយ: ធា សុណា

ប្រភព៖ Both North and South Korea violated armistice with drone flights, UN command says

ads banner