មន្ត្រីជំនាញ ចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការអ៊ុតកៅស៊ូ លើបណ្តោយផ្លូវជាតិលេខ៦A ទាំងកំដៅនិងកម្រាស់

ភ្នំពេញ៖ មន្ត្រីជំនាញនៃមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការអ៊ុតកៅស៊ូ ខណៈដែលក្រុមការងារនៃមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននឹងកំពុងជួសជុលគ្រឹះនិងអ៊ុតកៅស៊ូលើបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មន្ត្រីជំនាញនៃមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ មករានេះបានពិនិត្យលក្ខណៈបច្ចេកទេសលើ ការអ៊ុតកៅស៊ូ និងវាស់កំដៅកៅស៊ូ មុននៃការអ៊ុត ជាមួយនិងការវាស់កម្រាស់សាច់កៅស៊ូដែលត្រូវអ៊ុតផងដែរ ដើម្បីអោយដឹងថា ការអ៊ុតកៅស៊ូនៅកំណាត់ផ្លូវជាតិលេខ៦Aនេះត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងត្រឹមត្រូវតាមកំរាស់កៅស៊ូដែលបានកំណត់ឬទេ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី២៧ មករានេះថា៖ តាមប្រសាសន៍ណែនាំពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយ មន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការជួសជុលគ្រឹះអ៊ុតកៅស៊ូ ដាក់លូ រៀបការឺឡា គូសគំណូសចរាចរណ៍ ជាមួយនិងដាំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ៦A អោយបានរួចរាល់នៅមុនខែ០៣ ឆ្នាំ២០២៣ ពោលគឺអោយបានរួចរាល់នៅមុន ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ កំណាត់ផ្លូវជាតិលេខ៦Aនេះ ជាផ្លូវក្នុងចំណោមផ្លូវ៤ខ្សែ ដែល រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជួសជុសនិងស្ថាបនា ឆ្ពោះទៅកាន់ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដោយចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២២និងគ្រោងបញ្ចប់នៅខែមិនាឆ្នាំ២០២៣ ដែលមានប្រវែង១៧គីឡូម៉ែត្រកន្លះ ជាមួយនឹងការដាក់លូសងខាងផ្លូវទំហំមុខកាត់១ម៉ែត្រប្រវែង៣៥គីឡូម៉ែត្រ រៀបការឺឡា គូសគំណូសចរាចរណ៍ និងដាំដើមឈើ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល ។ ការងារនេះគិតមកដល់ពេលនេះសម្រេចបាន៨០ភាគរយហើយ ។

ផ្លូវទាំង៤ខ្សែដែលរដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនានិងជួសជុលអ៊ុតកៅស៊ូឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ រួមមាន មហាវិថីឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ ផ្លូវជាតិលេខ៦Aប្រវែង១៧គីឡូម៉ែត្រកន្លះ និងផ្លូវថ្មី២ខ្សែទៀត ដោយស្ថាបនាស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា២ផ្នែកឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថីឈ្នះ ឈ្នះ ។

លោកសាំ ពិសិដ្ឋ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយថែរក្សាការ៉ឺឡាថ្មើរជើង ដោយកុំដាក់តាំងលក់ឥវ៉ាន់ ការចតជាដើមលើការរឺឡា ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរថ្មើជើងនិង ជួយថែរក្សាលូ និងស្លាកសញ្ញាចរាចរកុំឱ្យខូចខាតផងដែរ ៕

ដោយថេត វិចិត្រ+ហេងសម្បតិ្ត

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner